Register Already an agent ? Login

នៅឆ្នាំ២០២០ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិចតា

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២០ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិចតា ស្មើនឹងប្រមាណ ១១៥ភាគរយ នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង។ បើតាមទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ឱ្យងដឹងថា កិច្ចប្រតិបត្តុការពេញមួយឆ្នាំ២០២០ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៣៩.២៤៩គ្រាប់។

លោក ហេង រតនា បន្តថា បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន ១៧.៣៦៣លើក ស្មើនឹង៥៥៦.២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១.១៧៦.៣១២នាក់។ គាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម។

ក្នុងឆ្នាំ២០២១ អង្គភាពCMAC មានផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនប្រមាណ ១១.៣០០ហិចតា ផែនការនេះអាចរុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ ៤០.០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន ​៥.០០០ករណី។ បើតាមការបន្តទៀតរបស់ លោក អគ្គនាយក CMAC ថា ផែនការឆ្នាំ២០២១ ជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្រ្ដរបស់អង្គភាព ផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្រ្ដថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។

បើតាម ហេង រតនា ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមករានេះ ឱ្យដឹងថា នៅកងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង ខ្ញុំបានជួបសំណេះសំណាល  និងត្រួតពិនិត្យកម្លាំងប្រតិបត្តិការព្រមទាំងបានប្រកាសបើកកិច្ចប្រតិបត្តិការគម្រោង «បោសសម្អាតគ្រាប់មីនដើម្បីលទ្ធផល Clearing For Results» សម្រាប់ខេត្តចំនួន៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

 លោក បានបន្តឱ្យដឹងទៀតថា គម្រោងនេះមានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន ១,៤៨៧,៤២២ដុល្លារ ហើយអង្គភាពCMAC ទទួលបានតាមការចូលរួមដេញថ្លៃ ដែលគម្រោងនេះគាំទ្រថវិកាដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសនូវែលសេឡង់ តាមរយៈ អង្គការUNDP ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:អាជ្ញាធរមីនកម្ពុជា។

អគ្គនាយក CMAC បានបញ្ជាក់ថា គម្រោងបោសសម្អាតគ្រាប់មីនដើម្បីលទ្ធផល Clearing For Results សម្រាប់ឆ្នាំ២០២០ ដែលប្រតិបត្តិការនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យកន្លងទៅ អង្គភាពស៊ីម៉ាក់ សម្រេចបានលទ្ធផលដោយបានបោសសម្អាតផ្ទៃដីបានចំនួនប្រមាណជាង ៩០០ហិកតា ។ ហើយគម្រោង ៣ថ្មីសំរាប់ឆ្នាំ២០២១នេះ ត្រូវបោសសំអាតផ្ទៃដីចំការមីនប្រមាណ១.០៥០ហិចតា៕

ដោយ៖ Moeun Dyna