Register Already an agent ? Login

រដ្ឋាភិបាល បាននិរាករណ៍នូវលិខិតដែលផ្ដល់ដីប្រមាណ ៦០ហិកតា ក្នុងបឹងតាមោកឱ្យក្រសួង និងក្រុមហ៊ុនអភិវឌ្ឍន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍នូវលិខិតដែលបានផ្ដល់ដីប្រមាណ ៦០ហិកតា ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអភិវឌ្ឍន៍ ស្ថិតក្នុងបឹងតាមោក ទៅតាមសំណើរ របស់រដ្ឋមន្រ្តី។ យោងតាម សណជ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី។

នៅក្នុងលិខិត សម្រេចនិរាករណ៍ បានបន្តឱ្យដឹងថា និរាករណ៍ លិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ​ស្ដីពីសុំគោលការណ៍អនុញ្ញាកាត់ផ្ទៃបឹងតាមោក ដីទំហំ ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្ដីការអភិវឌ្ឍន៍ជនបទ។          

និរាករណ៍ លិខិតចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងដីទំហំ ១៥,៣៣ ហិតការបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

និរាករណ៍លិខិតចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការសុំអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធមនុស្ស និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនអង្គផាពទាំង ៣វិញ នៅលើផ្ទៃដីទំហំ ១ហិកតា ២០អា ស្ថិតនៅភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធ។

និរាករណ៍លិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើរសុំផ្ទៃដីបឹងតាមោក ទំហំ ១៥ហិកតា ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងនិរាករណ៍លិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃដីបឹងតាមោក។

បើតាមលិខិតដដែលនេះ បន្តទៀតថា ប្រគល់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូន ក្រសួងអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែ ទីតាំងក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវប្រគល់ជូនទៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ។

ដូចគ្នានេះ ប្រគល់ទីតាំងក្រសួងរ៉ែ និងថាមពេលបច្ចុប្បន្ន ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធមនុស្ស៕

ដោយ៖ Moeun Dyna