Register Already an agent ? Login

កិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩៖ កម្ពុជា បានជំរុញនូវគោលដៅរួមរបស់ប្រទេសសមាជិក ដើម្បីសម្រចបាននូវវិបុលភាព

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ ដឹកនាំដោយប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» ថ្នាក់ដឹកនាំអេកម៉ិក បានអះអាង សាជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ  ដើម្បីទាញយកឱ្យបានពេញលេញនូវសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អនុតំបន់។

លទ្ធផលនៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៩ ដែលដឹកនាំដោយប្រទេសកម្ពុជា ដែលមានសម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន បានឱ្យដឹងបន្តថា ព្រមទាំងរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបាននូវសហគមន៍អេកម៉ិកដែលកាន់តែតភ្ជាប់ វៃឆ្លាត មានចីរភាព និងរឹងមាំ ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណី ក្នុងការសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។

បើតាមលទ្ធផលបានបន្តទៀតថា ថ្នាក់ដឹកនាំអេកម៉ិកបានកោតសសើរ «កម្ពុជា ដែលជាប្រធានសម្រាប់រយៈពេលពីរឆ្នាំ ក្នុងការជំរុញ នូវគោលដៅរួមរបស់ប្រទេសសមាជិក ដើម្បីសម្រចបាននូវវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា មកលើជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងអនុតំបន់»។

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានឯកភាពគ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ថ្នាក់ជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយន្តការដែលដឹកនាំដោយអាស៊ាន ជាមួយដៃគូក្រៅតំបន់ និងអង្គការអន្តរជាតិ ជាពិសេសអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យបាននូវ វ៉ាក់សាំងជាទំនិញសាធារណៈ និងការទទួលបានសេវាកម្មវេជ្ជសាស្ត្រក្នុងតម្លៃសមរម្យសម្រាប់ប្រជាជន។ បើតាមការលទ្ធផលនៃកិច្ចប្រជុំបានលើកឡើង។

ពាក់ព័ន្ធនឹងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ថ្នាក់ដឹកនាំបានពិភាក្សាពីមធ្យោបាយនិងគោលការណ៍សហការដែលប្រទេសសមាជិកអាចជំរុញការតភ្ជាប់ពហុវិស័យប្រកបដោយសុវត្ថិភាព និងសន្តិសុខ និងដោះស្រាយបញ្ហានានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើការបំលាស់ទី និងខ្សែចង្វាក់តម្លៃសកល ព្រមទាំងធានាឱ្យបានគ្រប់គ្រាន់នូវការការពារសង្គម និងប្រជាជនដែលរងផលប៉ះពាល់។

ចំពោះទិសដៅអនាគត ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រសិទ្ធភាព និងនិរន្តរភាព របស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកនិងដៃគូអភិវឌ្ឍន៍អេកម៉ិក ដែលក្នុងនោះ ជប៉ុនបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសអេកម៉ិកនៅក្នុងឆ្នាំ២០២១ ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣ និងទន្ទឹងរង់ចាំនូវដំណើរការយន្តការនៃមូលនិធិអភិវឌ្ឍន៍ អេកម៉ិក។

នាឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេច នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈថា ប្រទេសអេកម៉ិកត្រូវបន្តធ្វើការដោយបុរេសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ទស្សនៈ វ៉ាក់សំាងពហុភាគីនិយម (Vaccine Multilateralism) ដើម្បីធានាការទទួលបាននូវវ៉ាក់សំាងជំងឺ កូវីដ-១៩ ប្រកបដោយសមធម៌ និងសុវត្ថិភាព។ 

លើសពីនេះ សម្តេច បានជំរុញឱ្យប្រទេសសមាជិកចូលរួមជាមួយកម្ពុជានិងថៃ ដើម្បីផ្តល់វិភាគទានដោយស្ម័គ្រចិត្តទៅក្នុងមូលនិធិអភិវឌ្ឍន៍អេកម៉ិក ដែលកម្ពុជាក៏បានសន្យាផ្តល់វិភាគទានចំនួន ៧លានដុល្លារ សំដៅធានានូវភាពរលូននៃការអនុវត្តគម្រោងអាទិភាពនានា។

ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានអំពាវនាវ ដល់ប្រទេសសមាជិកគាំទ្រការបង្កើតលេខាធិការដ្ឋានអេកម៉ិក ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថល ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនសក្តានុពលទីផ្សារ ដែលគ្មានដែនកំណត់ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ដោយពុំចាំបាច់ធ្វើដំណើរ ឬបន្លាស់ទីនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពូជា បានបន្តថា បណ្តាប្រទេសអេកម៉ិក គួរស្វែងរកយុទ្ធសាស្ត្រពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសទាក់ទងនឹងឱកាស ទីផ្សារថ្មីក្រោមកិច្ចព្រមព្រៀងអាសិប (RCEP) ដែលទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះ។ សម្ដេច ក៏បានគូសរំលេចនូវភាពចាំបាច់ដើម្បីពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជនតាម រយៈការសហការជិតស្និទក្នុងការធានានូវការធ្វើដំណើរតាមបែបពពុះ (Travel Bubbles) ក្នុងចំណោមប្រទេសជាសមាជិកអេកម៉ិក។

ថ្នាក់ដឹកនាំ បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ ដែលក្នុងនោះមានឯកសារចំនួន៣ ជាឧបសម្ព័ន្ធ៖ ១.ឯកសារលក្ខខណ្ឌយោងស្តីពីមូលនិធិអភិវឌ្ឍន៍អេកម៉ិក, ២.ឯកសារទស្សនាទានស្តីពីយន្តការការងារនៃគណៈកម្មាធិការសម្របសម្រួលអេកម៉ិកនៃផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និង ៣.បញ្ជីគម្រោងអាទិភាពរបស់ប្រទេសអេកម៉ិក៕

ដោយ៖ Moeun Dyna