Register Already an agent ? Login

រដ្ឋាភិបាល កំណត់ក្រុងសៀមរាប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង

សៀមរាប៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ឱ្យដឹងថា តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឱ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា «តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង» រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា គម្រោងសាងសង់ខ្សែ ផ្លូវទាំង៣៨ខ្សែនេះ លើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍។

ក្រោយបញ្ចប់ការសាងសង់គម្រោងនេះ វានឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំ ជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់ បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវ ទេសចរជាតិ-អន្តរជាតិ។ ជាការថ្លែងបន្តទៀតរបស់ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា នឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកសៀមរាប ឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាលើកមុខមាត់កម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ទៀតថា ថវិកាដែលនៅសល់ពីគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ៣៤ខ្សែ នៅក្រុងព្រះសីហនុប្រមាណ ៥លានដុល្លារ នឹងត្រូវបង្វែរមកកែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព បន្ថែមទៀតឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ  ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ មានប្រវែង ១០៨,៧៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ (១៤០ ១៤៦ ៣០៥ ដុល្លារ) និងថវិកាប្រមាណ ៩លានដុល្លារទៀត (៩ ០៧០ ២៩០ ដុល្លារ) សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ លោក បញ្ជាក់ឱ្យដឹងថា« គម្រោងនេះ នឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ»។

ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ឱ្យស្របនឹងបទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន ៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។ ជាការថ្លែងបន្តទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

នាឱកាសនោះ លោក រដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពទទួលការងារអនុវត្តគម្រោងទាំងអស់ ត្រូវប្រកាន់គោលជំហរនិងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ និង ឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុក។

លោក ស៊ុន ចាន់ថុល បានថ្លែងដោយសង្កត់ធ្ងន់ថា បើទោះបីកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជា៖ បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ការកាត់ផ្តាច់ផ្នែកខ្លះនៃការអនុគ្រោះពន្ធEBA បញ្ហាគ្រោះ មហន្តរាយ ធម្មជាតិ ទឹកជំនន់ ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការដោយខ្លួនឯងបាន និងបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ​លោក ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាននិងកំពុងស្ថាបនាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខ។

ក្រសួងដឹកជញ្ជូនបានកត់សម្គាល់ថា ទីក្រុងសៀមរាប បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោល ដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច សម្បូរបែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនាក្នុងមួយឆ្នាំៗលើកលែងតែក្នុង អំឡុងពេលនៃការរីករាលនៃវីរុសកូវីដ-១៩ ជាសកលទូទាំងពិភពលោកនាពេលបច្ចុប្បន្ន តែប៉ុណ្ណោះ។

ក្រសួងបានបន្តថា គម្រោងនេះដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាតភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុង ទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ 

ដោយ៖ Moeun Dyna