Register Already an agent ? Login

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបានជិត ១០០% មន្រ្តីជំនាញប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ បើគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន ៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។ បើតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កិច្ចប្រជុំខាងលើធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដែលដឹកនាំដោយ លោក លឹម ស៊ីដេនីន  រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។

ថ្លែងទៅអង្គប្រជុំ រដ្ឋលេខាធិការ បានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកត្រៀមរៀបចំពិធីនេះ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

លោក បានថ្លែងបញ្ជាក់ថា ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន។

សូមញ្ជាក់ថា ស្ពាននេះស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។

គួសរម្លឹកថា ស្ពានតភ្ជាប់រវាង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាព សម្ដេច នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន។ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ដោយ៖ Moeun Dyna