Register Already an agent ? Login

ផ្លូវខូចដោយសារជំនន់ទឹកភ្លៀងជិត ៥ពាន់គីឡូម៉ែត្រ រដ្ឋាភិបាលគ្រោងចំណាយ ៦៥លានដុល្លារ ដើម្បីជួសជុល

ភ្នំពេញ៖ គិត​ត្រឹម​ដើម ខែ​វិច្ឆិកា ឆ្នាំ២០២០ ផ្លូវ​នៅតាម​ទីជនបទ​ទូទាំងប្រទេស​មាន​ចំនួន ៥៥៣ខ្សែ ស្មើនឹង​ប្រមាណ ៤៥០០គីឡូម៉ែត្រ ​​ដែល​ទទួលរ​ង​នូវ​ការខូចខាត ដោយសារតែ​គ្រោះ​ជំនន់​ទឹកភ្លៀងកន្លង រដ្ឋាភិបាលគ្រោងចំណាយ ៦៥លានដុល្លារ ដើម្បីជួសជុល និងស្ដារឡើវិញ។ បើតាមការថ្លែងឱ្យដឹង ពីរដ្ឋមន្រ្តី ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ អ៊ុក រ៉ាប៊ុន។

លោក អ៊ុក រ៉ាប៊ុន បានថ្លែងឱ្យដឹងបន្តថា ក្នុងចំណោម​ផ្លូវ​ជនបទ ដែល​រង​ការខូចខាតខាងលើ ​ក្រសួង បានកំណត់​យក​ផ្លូវ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​ចំនួន ២៦១ខ្សែ ប្រវែង​សរុប ២៣០០គីឡូម៉ែត្រ ជា​អាទិភាព​សម្រាប់ ​ជួសជុល​មុនគេ​នៅក្នុង​ខេត្ត​ចំនួន ១០រួមមាន ៖ ខេត្តកណ្ដាល, កំពង់ស្ពឺ, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ចាម និងសៀមរាប ជាដើម។

ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​បេតុង​ជា​លក្ខណៈ​បន្ទាន់​បាន​ចំនួន១២ខ្សែ​ប្រវែង​សរុប១១០គីឡូម៉ែត្រ ក្នុងនោះ​ក៏មាន​លូ​ដោះ​ទឹក និង​ស្ពានបេតុង​មួយកន្លែង​ប្រវែង៣០ម៉ែត្រ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តីដដែល។

រដ្ឋមន្រ្តី​អភិវឌ្ឍន៍ជនបទបានថ្លែងបន្ថែមថា យុទ្ធនា​ការជួសជុល​ផ្លូវ​ជនបទ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​រដូវវស្សា​ឆ្នាំនេះ គឺជា​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើយ៉ាងណា​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ទាំងនោះ ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ សម្រាប់​ជួយ​គាំទ្រ​ដល់​ជីវភាព​រស់នៅ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សង្គមកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ទូទាំងប្រទេស។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក រ៉ាប៊ុន បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះទៅឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

នាឱកាសនោះ លោកថ្លែងបញ្ជាក់ថា «ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំកកោះ ឃុំរបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ សម្រាប់ដឹកជញ្ជូនកសិផល»។

លោក បានថ្លែងបន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ គឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM)» ដែលគ្រោងនឹងក្រាលកៅសូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិការពីធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង KfW ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU)៕

ដោយ៖ Moeun Dyna