Register Already an agent ? Login

អគារទីស្ដីការក្រសួងដឹកជញ្ជូនថ្មី នៅខណ្ឌប្ញស្សីកែវ ធ្វើហើយប្រមាណ ៩៥% នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ

ភ្នំពេញ៖ ការសាងសង់អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី សម្រេចបានស្ទើរតែទាំងស្រុង ប្រមាណ ៩៥ភាគរយ  ស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជា សុផារ៉ា)គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការក្រសួងថ្មី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងដឹងថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥ភាគរយ។ លោក បញ្ជាក់ «នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម»។ 

នាឱកាសនោះ លោក រដ្ឋមន្រ្តី បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ដោយកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ។

លោក បន្តថា ការសម្រួលនេះ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព ហើយអគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បន្ទាប់ពី ចុះពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធសំណង់អគារទាំងមូល លោក ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះក្នុងដំណើរការសាងសង់ សំដៅពន្លឿនការងារសាងសង់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក។

សូមរម្លឹកថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ ឆ្នាំ២០២០នេះ៕

ដោយ៖ Moeun Dyna