Register Already an agent ? Login

លោក សៅ សុភាព៖ សមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន មានសំណល់ជាប្លាស្ទិករហូតដល់ជិត ៣០%

ភ្នំពេញ៖ និន្នាការនៃការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើតែមួយលើក គឺនៅតែមានកំណើនខ្ពស់ ពិសេសសមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន គឺមានសំណល់ជាប្លាស្ទិករហូតដល់ជិត ៣០ភាគរយ។ បើតាមការលើកឡើងរបស់ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

លោក សៅ សុភាព បានថ្លែងបន្តថា ឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាល បានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការតម្រូវឱ្យបង់ថ្លៃថង់ប្លាស្ទិកនៅតាមទីផ្សារទំនើប និងការបញ្ឈប់ការផលិត ការនាំចូលថង់ប្លាស្ទិកទំហំតូច និងមានកម្រាស់ស្តើងមិនអាចប្រើប្រាស់ឡើងវិញបាន។

នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការកំណត់នូវគោលនយោបាយ ផែនការសកម្មភាព និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយភាពច្បាស់លាស់។ ជាការថ្លែងបន្តទៀតរបស់ រដ្ឋលេខាធិការដដែល។

មន្រ្តីជាន់ខ្ពស់រូបនេះបានថ្លែងបន្ថែមថា ដោយមានការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគី ឬដៃគូពាក់ព័ន្ធទាំងអស់ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើតដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាសទៅក្នុងទឹក ឬដី។

តាមរយៈប្រធានបទសិក្ខាសាលានាពេលនេះ យើងបានពិភាក្សារួមគ្នា ដើម្បីកំណត់ឱ្យបានកាន់តែច្បាស់ពីបញ្ហាសំណល់ប្លាស្ទិក ពិសេសការកំណត់នូវជម្រើសវិធានការចាំបាច់ និងសមស្របសម្រាប់ការឈានទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬ សម្ភារប្លាស្ទិកដែលប្រើបានតែ១ដង និងសម្រាប់បង្កើនប្រសិទ្ធភាពការគ្រប់គ្រងសំណល់ប្លាស្ទិក។ជាការបន្ថែមទៀតរបស់ លោក សៅ សុភាព ថា តាមរយៈការរកដំណោះស្រាយលើកកម្ពស់សកម្មភាពកែច្នៃ ឬការទាញយកធនធាន ពីសំណល់ប្លាស្ទិក ដើម្បីធានាថាការបោះចោលសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន ត្រូវតែបានកាត់បន្ថយ នាពេលអនាគត។

នៅក្នុងពិធីខាងលើ លោក ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានថ្លែងថា វេទិកានេះរៀបចំឡើងដោយកំណត់យកប្រធានបទសំខាន់ចំនួន៣ មកពិភាក្សា ដែលប្រធានបទទី ១-អំពីទិសដៅនិងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា, ២-អំពីការវាយតម្លៃប្រសិទ្ធភាពការអនុវត្តច្បាប់គាំពារបរិស្ថាន និង ទី៣-អំពីការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៕

ដោយ៖ Moeun Dyna