Register Already an agent ? Login

ផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជិត ២០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៤ ដែលក្រុមហ៊ុនចិនសិក្សាបានបញ្ចប់ហើយ

ភ្នំពេញផ្លូវក្រវាត់ក្រុងទី៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន ​៣ស្រុក, ខេត្តតាកែវចំនួន ​១ស្រុក, ខេត្តកណ្តាល​ ៨ស្រុក និងខេត្តព្រៃវែង ​២ស្រុក ដែលក្រសួងដឹកញ្ជូន ស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ បានបញ្ចប់ហើយ នៅឆ្នាំ២០២០នេះ។ បើតាមការលើកឡើងឱ្យដឹង របស់ លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន។

នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រងនិងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក លីម ស៊ីដេនីន តំណាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ​បានអញ្ជើញជាអធិបតី បានថ្លែងបន្តថា ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត។

ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ​តាមដងផ្លូវខុសច្បាប់​ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ​កកស្ទះ​ដល់ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រព័ន្ធលូបង្ហូរទឹក​ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង​បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។ ជាការបញ្ជាក់របស់ លោក រដ្ឋលេខាក្រសួងដដែល។

នាឱកាសនោះ រដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រសួង ក៏ដូចជា​មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឱ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឱ្យផ្លូវឆាប់ខូចមុនពេលកំណត់។

គូសបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ​អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់៕

ដោយ៖ Moeun Dyna