
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្រូវលិចទឹកប្រមាណ ១១៦.៧៦៤ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៤.៩៤៦ហិកតា។ ដំណាំរួមផ្សំលិចទឹក ៥៥,៣៣៥ហិកតា ក្នុងនេះខូចខាតប្រមាណ ៦.២៨៦ហិកតា។ បើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គណៈកម្មាធិការជាតិ បានបន្តថា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ១៩៧.១៧១ម៉ែត្រ ,ផ្លូវលំលិចទឹកប្រមាណ ២៦២.៥២០ម៉ែត្រ និង៣១ខ្សែ ស្ពានលិចទឹកប្រមាណ ២៤កន្លែង ទំនប់ប៉ះពាល់ប្រមាណ ២១.១៤២ម៉ែត្រ ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៣៤៤.៣១៣ម៉ែត្រ។

នៅក្នុងបាយការណ៍គណៈកម្មាធិការជាតិបានបញ្ជាក់ថា ប៉ះពាល់ប្រជាជនប្រមាណ ៣៩.៧០២គ្រួសារ ស្មើប្រមាណ ១៥៨,៨០៨នាក់។ ប្រជាជនជម្លៀសប្រមាណ ២.៨៥៣គ្រួសារ ស្មើប្រមាណ ១១.៤១២នាក់។ ប្រជាជនស្លាប់ ១២នាក់ (ក្មេង ៥នាក់)។ ផ្ទះប៉ះពាល់ប្រមាណ ៣៩.៤៨៥ខ្នង ផ្ទះខូចខាត ៣០ខ្នង និងសាលារៀនលិចទឹក ៤០២កន្លែង។
បើតាមរបាយការណ៍បន្តឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើ ៦៨ក្រុង ស្រុក ខណ្ឌ ២៣៤ឃុំ/សង្កាត់។ ខេត្តដែលប៉ះពាល់មាន ខេត្តពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងខេត្តកំពង់ធំផងដែរ។

ទាក់ទងទៅនឹងផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកញ្ជូនបានថ្លែងឱ្យដឹងថា គិតមកដល់ពេលនេះ មានផ្លូវចំនួន ២៤៥គីឡូម៉ែត្រ ស្មើនឹង ១៩៩កំណាត់ បានរងការប៉ះពាល់ ទូទាំងប្រទេសចំនួន ១៣ខេត្ត។

នាឱកាស លោក ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់កំពុងជន់លិចខ្លាំងនៅទំបន់ ៧មករា ផ្លូវជាតិលេខ៣ និងលេខ២០ សង្កាត់គងនយ ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៤ ខែតុលា នេះ បានថ្លែងបន្តថា ផ្លូវជាង ២០០គីឡូម៉ែត្រ ផ្លូវដែលប៉ះពាល់នេះមាន ៥គីឡូម៉ែត្រ ប៉ះទៅលើផ្លូវកៅស៊ូ AC ១២០គីឡម៉ែត្រ កៅស៊ូស្ដើង២ស្រទាប់ DBST ១២០គីឡូម៉ែត្រ។

លោក បញ្ជាក់ថា ពេលនេះក្រុមការងាក្រសួងកំពុងបន្តចុះតាមដាន និងវាយតម្លៃពីស្ថានភាពផ្លូវខូចខាត ដើម្បីត្រៀមជួសជុលឡើងវិញ បន្ទាប់ពីទឹកស្រកអស់ទៅ៕
ដោយ៖ Moeun Dyna