ភ្នំពេញ៖ កម្ពុជាមាន កំពង់ផែទន្លេសរុបទាំងអស់ចំនួន ៧៨កំពង់ផែ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា។ ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧ ប៉ុណ្ណោះ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូន។
ក្រសួងដឹកជញ្ជូនបានបញ្ជាក់ថា មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ។
ទាក់ទងទៅនឹងកំពង់នេះដែរ ក្រសួងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៣ ខែតុលា នេះ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងកំណត់យកឃ្លាប្រយោគ និងនិយមន័យ ឱ្យបានគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ក្នុងនោះអង្គប្រជុំបានឯកភាព និងសម្រេចកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។
លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែម និងសិក្សាពាក្យ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា និងថ្លឹងថ្លែងប្រៀបធៀបដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។
លោក រដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារជំនាញពិនិត្យមើលខ្លឹមសារនៃច្បាប់ធ្វើយ៉ាងណាកុំឱ្យច្បាប់ស្ដីពីកំពង់ផែនេះប្រាស់ចាកពីខ្លឹមសារច្បាប់អន្តរជាតិ និងច្បាប់របស់បណ្តាប្រទេស ផ្សេងទៀតផងដែរ។ ជាមួយគ្នានេះ លោក បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសជំនាញ ពាក់ព័ន្ធខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់តាមតែអាចធ្វើទៅបានដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្ត។
សូមបញ្ជាក់ថា ច្បាប់នេះមានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកំពង់ផែ ផ្តល់កាលានុវត្តភាពដល់ការវិនិយោគ ប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាព សន្តិសុខកំពង់ផែ និងរួមចំណែកការពារបរិស្ថាន៕
ដោយ៖ Moeun Dyna