
ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំនេះ ការនាំផលិតផលកម្ពុជាទៅ ប្រទេសជប៉ុនបានធ្លាក់ ៥,៣ភាគរយ ដែលមានទឹកប្រមាណ ១,០៤៥ពាន់លានដុល្លារ។ ហើយការនាំចូលពីប្រទេសជប៉ុនវិញក៏មានការធ្លាក់ចុះប្រមាណ ១៤, ២ភាគរយ។
របាយការណ៍ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបន្តឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគី ជប៉ុន-កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១,៣៤៦លានដុល្លារ ធ្លាក់ចុះ ៧,៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ជប៉ុនបាននាំចូលទំនិញ និងផលិតផលមកពីជុំវិញពិភពលោក ដែលភាគច្រើនជាវត្ថុធាតុដើមចំណីអាហារ វត្ថុធាតុដើម (ឈើ,សណ្តែក) ឥន្ធនៈ ( LNG, LPG) ផលិតផលផលិត (វាយនភ័ណ្ឌអំបោះនិងក្រណាត់) គ្រឿងម៉ាស៊ីនអគ្គិសនី សម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់ផ្សេងទៀត។ ជាការបន្តឱ្យដឹងពី JETRO។
ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ បើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ពុជា។
នៅខែកញ្ញា ឆ្នាំ២០២០ វិនិយោគិនបរទេសបានស្នើសុំរដ្ឋាភិបាលកម្ពុជា កាត់បន្ថយថ្លៃដើមនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដែលបច្ចុប្បន្នមានតម្លៃ ថ្លៃជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន។ បើតាមការលើករបស់ JETRO បន្តទៀតថា វិញ្ញាបនប័ត្រប្រភពដើមគឺជាឯកសារផ្លូវការ ដែលត្រូវបានប្រើដើម្បីបញ្ជាក់ថា ផលិតផលមួយត្រូវបានផលិតឬផលិតទាំងស្រុងនៅក្នុងប្រទេសមួយ។
ដាក់ពាក្យស្នើសុំសម្រាប់ កាត់បន្ថយថ្លៃដើមនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើម នៅកម្ពុជាមានតម្លៃថ្លៃជាងសមាជិកអាស៊ានដទៃទៀត ដែលមានតម្លៃរហូតដល់ ៥៨ដុល្លារ។ បើតាមការបន្ថែមរបស់ JETRO។
តាមរបាយការណ៍ JETRO ឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មទ្វេភាគីរប្រទេសទាំងពីរ កាលពីឆ្នាំ២០១៩ សម្រេចបានប្រមាណ ២,៣ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនប្រមាណ ១,៧ពាន់លានដុល្លារ កើនឡើងជាង៧ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ខណៈ ដែលជប៉ុននាំចូលមកកម្ពុជាវិញប្រមាណ ៥៦០លានដុល្លារ កើនឡើងជាង ៣៣ភាគរយ។
នៅក្នុងឆ្នាំ២០១៩ ផលិតផលសំខាន់ៗ ៥ប្រភេទដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ ក្នុងនោះសម្លៀកបំពាក់ ៥៦,៦ភាគរយ ផលិតផលវាយនភ័ណ្ឌជិត ៩ភាគរយ ស្បែកជើងជាង៨,៧ភាគរយ អង្ករជាង ២,៨ភាគរយ និងទោចក្រយាន ២,៨ភាគរយ។ បើតាមរបាយការណ៍របស់អនាគារជាតិកម្ពុជា បន្តថា ដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា កាលពីឆ្នាំ២០១៩ ការនាំចេញទៅសហគមអឺរ៉ុប មានទំហំជាង ២៩,៦ភាគរយ ជប៉ុន ៧,៧ភាគរយ អាឡឹម៉ង់ ៧,២ភាគរយ ចិនជិត ៧ភាគរយ និងអាមេរិក ៦,៦ភាគរយ។
សូមរម្លឹកថា ៦ខែ ឆ្នាំ២០២០ សរុបពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុនមានចំនួនជាង ១ប៊ីលានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុន មានចំនួនទឹកប្រាក់ជាង ៧៩១,៦៦៩,០០០ដុល្លារ ដោយឡែកកម្ពុជានាំចូលពីជប៉ុនមានទឹកប្រាក់ជាង ២១៨,៦១៥,០០០ដុល្លារ។ បើតាម របាយការណ៍របស់ JETRO។
កន្លងមក ជប៉ុន បានយកកម្ពុជា ជាគោលដៅវិនិយោគទី១ សម្រាប់គម្រោងវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងនៅថ្ងៃនេះ កាលពីថ្ងៃទី២១ ដល់២៣ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដំណើរទស្សនកិច្ចនេះ នឹងជំរុញការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា នៅក្រោយវិបិត្តកូវីដ១៩៕
ដោយ៖ Moeun Dyna