Register Already an agent ? Login

កម្ពុជា មានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុប ៦៦កន្លែង ផ្ទៃដី៧,៣លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីសរុបក្នុងប្រទេស

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារ មានផ្ទៃដីសរុប ៧,៣លានហិកតា ស្មើនឹងប្រមាណ ៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ បើតាមការថ្លែងឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា បានន្តឱ្យដឹងថាមានចំនួន ៦កន្លែង ផ្ទៃដីសរុបប្រមាណ ១លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។

ដឹកនាំគណៈប្រតិភូក្រសួងបរស្ថាននិងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់ក្រសួងរូបនេះ បានបន្តទៀតថា ក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យានុរក្សសរុបចំនួន ១០៤នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។

លោក ថា ទោះយ៉ាងណា មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ក្នុងនោះមានទាំងវិធីសាស្ត្រថ្មើរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS ជាដើម។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។

រដ្ឋលេខារូបនេះ បានបន្ថែមឱ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន ២៩៩៥ លើក បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅ លាការចំនួន ៨៤ករណី ពិន័យអន្តរការណ៍ចំនួន ២៦ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយន្តចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ។

បើតាមក្រសួងបរិស្ថាន ឱ្យដឹងថា អំឡុងពេលទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា រដ្ឋលេខាធិការរូបនេះបានបានដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចទីស្នាក់ការធំរបស់ដែនជម្រកសត្វព្រៃកែវសីមាដែលមានផ្ទុក ទៅដោយវត្ថុតាងបទល្មើសរួមមានរថយន្តប្រមាណជាង ៥០០គ្រឿង ម៉ូតូជិត ១ពាន់គ្រឿង រណារយន្តជាង ១ពាន់គ្រឿង អន្ទាក់ជាង ២ ម៉ឺន ហើយឈើដែលរឹបអូសបានជាច្រើនដែលបានបន្សល់ទុកតាំងពីអំឡុងពេលនៃការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មុននឹងផ្ទេរ មកស្ថិតក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាននៅខែឧសភា ឆ្នាំ២០១៦៕

Moeun Dyna