Register Already an agent ? Login

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១២៧,៨លានដុល្លារ ជួយពង្រីកបណ្តាញបញ្ជូនថាមពលអគ្គីសនីនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី​ ​ដើម្បី​ជួយឱ្យរាជធានីភ្នំពេញនិងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកប​ដោយ​ស្ថេរភាពនិងអាចទុកចិត្តបាន។ បើតាមសេចក្ដីប្រកាសព័ត៌មាន ADB។

គម្រោងនេះ​ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុង​ប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ​(Strategic Climate Fund)​នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប​ និង ២លានដុល្លារ ពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត​ (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB មានប្រសាសន៍ថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់​អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ ​lលោក ស្រី ថា ​ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍខ្នាតធំ​នៃការអនុវត្ត ​បច្ចេកវិទ្យាច្នៃប្រឌិតថ្មីអាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុងប្រទេសកម្ពុជានាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។

រាជរដ្ឋាភិបាល​ បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់​អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មាន​ការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ​ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញបញ្ជូន ១១៥-២៣០គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង កំពង់ចាម និងតាកែវ។

គម្រោងផ្ទុកថាមពលដោយអាគុយ ​សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពល​ព្រះអាទិត្យមានកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិត​ចរន្តអគ្គិសនី ថាមពលព្រះអាទិត្យដល់ ៤១៥មេហ្គាវ៉ាត់ នៅឆ្នាំ២០២២ ពោលគឺកើនឡើងពី ១៥៥មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩។ ប្រព័ន្ធផ្ទុក​ថាមពលដោយអាគុយ​ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី​ Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB មានប្រសាសន៍ថា​    គម្រោង តាមរយៈ ការផ្តល់ហិរញ្ញប្បទាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាពប្រកួតប្រជែង​​ និងការធ្វើពិពិធកម្មនានាបង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញរបស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។

លោក ស្រីបានបន្តថា គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១៣០០ នៅក្នុងវិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា(EDC) ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល។

ជំងឺរាតត្បាត​ COVID-19 គម្រាមកំហែងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែល មានអត្រាជាមធ្យម ៧,១ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន ព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥ ភាគរយនៅឆ្នាំ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។​ រាជដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីជំនួយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំ១៩៩៤ មក​ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីកបណ្តាញបញ្ជូន និងចែកចាយចរន្ត និងគាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។

កាលពីឆ្នាំមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧,៦៤លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យតាមរយៈ​ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ៕

ដោយ៖ Moeun Dyna

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026