
សៀមរាប៖ ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣.៦៨៨ ហិកតា ក្នុងនោះមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ។
នៅកិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់ បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកញ្ញា នេះ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតជាតំបន់ការពារធម្មជាតិខាងលើ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធាន ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប និងភាពចាំបាច់ នៃការគ្រប់គ្រងធនធានធម្មជាតិទាំងនេះឱ្យមាននិរន្តរភាព សម្រាប់តម្រូវការនាពេលបច្ចុប្បន្ន និងអនាគត។
បើតាមកិច្ចប្រជុំបានបន្តថា ដើម្បីចូលរួមចំណែកថែរក្សា ការពារសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនោះ អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ គម្រោងព្រៃឡង់បៃតងក្រោមជំនួយរបស់ USAID។
USAID បានចូលរួមរៀបចំការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ៗរបស់គម្រោង ដែលគាំទ្រដល់យុទ្ធសាស្ត្រគ្រប់គ្រងទូទៅ ដើម្បីឆ្លើយតបទាំងការអភិរក្ស និងការអភិវឌ្ឍន៍ ដែលជាគំរូសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា។ បើតាមកិច្ចប្រជុំដដែល។
ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តតាមគោលការណ៍ណែនាំស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងសម្រាប់តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដែលជាឯកសារគតិយុត្តសម្រាប់ជាមគ្គុទេសក៍ក្នុងការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះតាមរយៈការកំណត់តំបន់គ្រប់គ្រងឱ្យបានច្បាស់លាស់ ធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់ទេសភាពនៃព្រៃធម្មជាតិ និងបង្កើនផលិតភាពធម្មជាតិ ព្រមទាំងផលប្រយោជន៍នានាសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍។ បើតាមការលើកឡើងរបស់កិច្ចប្រជុំខាងលើ៕

ដោយ៖ Moeun Dyna