Register Already an agent ? Login

CDC បានចុះបញ្ជីគម្រោងវិនិយោគជប៉ុន ១៤៤គម្រោង សរុបទុនប្រមាណ ២,៨ប៊ីលានដុល្លារ គិតត្រឹមដំណាចខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ គិតត្រឹមដំណាចខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍ម្ពុជា (CDC) បានទទួលស្វាគមន៍ ​និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨ប៊ីលានដុល្លារ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦០លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មាន CDC ថ្ងៃទី៣ ខែកញ្ញានេះ។

នៅក្នុងកិច្ចប្រជុំលើកទី២០ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិនជប៉ុន ដែលតែងតែជឿជាក់លើរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោក បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិយោគិនជប៉ុនទាំងអស់ និងបញ្ជាក់ ជាពិសេសបានវិនិយោគក្នុងវិស័យកម្មសាន្តមិនមែនវាយនភណ្ឌ ដែលកមពុងបាននឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាអតិពលកម្មទៅជាឧស្សាហកម្មផ្អែកជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។

នាឱកាសនោះ លោក អគ្គលេខាធិការ CDC បានថ្លែងបន្តថា តាងនាមរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជប៉ុន ដែលកន្លងមកឧបត្ថម្ភសម្ភារបរិក្ខាវេជ្ជសាស្រ្តដល់កម្ពុជា សម្រាប់ប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក ថា ដោយឡែក សង្ឃឹមក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងកម្ពុជា-ជប៉ុន ឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

ក្នុងកិច្ចប្រជុំខាងលើ ជាការឆ្លើយតបរបស់ លោក សាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ​ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការសម្របសម្រួល និងផ្ដល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណណូមពររបស់វិនិយោគិនជប៉ុន។ លោក ថា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគគ្រប់រូប។

លោក ទូត ​បន្តថា ទន្ទឹមនេះ មានជំនឿមុតមាំថាក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរនឹងសម្រេចបាននូវការឯកភាបគ្នាមួយនាបេលឆាប់ៗនេះ ក្នុងការសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជ​ប៉ុន ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគស្របតាមស្មារតីនៃកិច្ចពិភាក្សារវាង សម្ដេច នាយករដ្ឋន្រ្តី និង លោក ម៉តេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីក្រសួងបរទេសជប៉ុន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

លោក សាហ៊ីរ៉ុ មីខាមី បានបន្តថា ក្នុងនាមប្រមុខការទូតជប៉ុនប្រចាំកម្ពុជា ខ្ញុំបានប្ដេជ្ញាផ្ដល់កិច្ចគាំទ្រក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជានិងជួយសម្រួលដលើការថ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរឡើងវិញ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន CDC បន្តថា នៅទីបញ្ជប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានប្ដេជ្ញាថា នឹងបន្តសហការគ្នាខិតខំរកដំណោះស្រាយចំពោះរាលបញ្ហាដែលមាននៅមានសេសសល់ ជំរុញការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលា សម្រួលបែបទនីតិវិធីឱ្យកាន់តែសាមញ្ញនិងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាបកាន់តែល្អប្រសើរ និងធានាបានការប្រគួតប្រជែងដោយភាពស្មោះត្រង់ ដែលជាការចូលរួមជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រដោយចីរភាព។

នៅក្នុងកិច្ចប្រជុំលើកទី២០ បានផ្ដោតការពិភាក្សាលើចំណុចអាតិភាពមួយចំនួនរួមមាន៖ តម្លៃអគិ្គសនី, កាតព្វកិច្ចសាពើពន្ធ, បទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូលរថយន្ត, វឌ្ឍនភាពនៃការត្រៀមបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ នៅប៉ោយប៉ែត និងការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញពីគយ។ បើតាមការបបញ្ជាក់របស់ CDC បន្តទៀតថា កិច្ចប្រជុំនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគិន ដែលបានផ្ដល់ឱកាសឱ្យវិនិយោគិនជប៉ុនលើកឡើងដោយផ្ទាល់នូបញ្ហាប្រឈម និងសំណូមពរដល់តំណាងរដ្ឋាភិបាលពិនិត្យ និងរកដំណើស្រាយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចកម្ពុជា។

កិច្ចប្រជុំទ្វេភាពីនេះ ជាកិច្ចប្រជុំលើកទី២០ ដែលត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃ «កិច្ចព្រមព្រៀងរវាងកម្ពុជា-ជប៉ុន ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ» ដែលបានចុះហត្ថលេខាដោយ សម្ដេច ហ៊ុន សែន និង នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧៕

ដោយ៖ Moeun Dyna