
ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ នឹងចាប់ផ្ដើមនៅខែក្រោយនេះហើយ ដែលមានប្រវែងជិត ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ៣២ខែ ចំណាយថវិកាពីជាង ៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ។
គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរាហ៍ បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។ បើតាមការថ្លែងឱ្យពី លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបន្តថា ការតភ្ជាប់រវាងទីក្រុងរណបទាំងពីរនេះ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ។
បើតាមគេហំព័រតំបន់អចលនទ្រព្យអាស៊ី ដែលស្រង់សម្ដី អគ្គនាយករងក្រុមហ៊ុន OCIC ឱ្យដឹងថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប តាមគម្រោងនិងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ លោក បញ្ជាក់ «ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំងពីរ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដែលកាត់បន្ថយវិបត្តិការកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។
លោក ទូច សំណាង បន្តថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។
លោក បន្តទៀតថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរ ជំរើសទី១ សាងសង់ស្ពានក្រោមទន្លេ និងទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ។
ចំណែកការដ្ឋានស្ថាបនាស្ពានមួយទៀត ដែលឆ្លងកាត់ទន្លេសាបភ្ជាប់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វា មកដល់ពេលនេះសម្រេចបានជាង ៣០ភាគរយ។ ចំណាយថវិកាសាងសង់ជាង ៣៥លានដុល្លារ ចំណាយពេល ៣ឆ្នាំ ដើម្បីសាងសង់បញ្ចប់។ ស្ពានបេតុងនេះ មានប្រវែង ៩២២ម៉ែត្រ មានទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ។
សូមបញ្ជាក់ថា ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ ៦និងផ្លូវជាតិលេខ ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀតជាចំណងដៃសម្រាប់រាជធានីភ្នំពេញ។
គួររម្លឹកថា សម្រាប់ការស្ថាបនាស្ពានទៅស្វាយជ្រុំ ដែលរដ្ឋាភិបាលបានដាក់ស្នើទៅរដ្ឋាភិបាលកូរ៉េ នៅមិនទាន់ដឹងថានឹងចាប់ផ្តើមនៅពេលណា ក្នុងពេលដែលគម្រោងស្ថាបនាស្ពាននេះមានការទន្ទឹងរង់ចាំជាច្រើនឆ្នាំមកហើយ៕
ដោយ៖ Moeun Dyna