
ភ្នំពេញ៖ តម្លៃខុនដូក្នុងខណ្ឌចំនួន ២ មានការកើនឡើ គឺខណ្ឌទួលគោកបានកើនឡើង ៣,៩០ភាគរយ និងខណ្ឌសែនសុខ កើនឡើង ០,៧៨ភាគរយ។ ខណៈតម្លៃខុននៅខណ្ឌដូនពេញមានការធ្លាក់ចុះ ០,៥៩ភាគរយ ខណ្ឌជ្រោយចង្វារធ្លាក់ចុះ ២,១៤ភាគរយ ខណ្ឌមានជ័យធ្លាក់ចុះ ០,៣៨ភាគរយ និងខណ្ឌពោធិ៍សែនជ័យ ១០.៨៩ភាគរយ។ តាមការរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា។
របាយការណ៍បានបង្ហាញឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ខណ្ឌចំការមន មានតម្លៃជាមធ្យម ១៨៥ ០០០ ដុល្លារ ក្នុងមួយយូនីត, ខណ្ឌដូនពេញ មានតម្លៃ ១៨៨ ៨៨៨ដុល្លារ, ខណ្ឌ៧មករា មានតម្លៃ ១៣៩ ០០០ដុល្លារ, ខណ្ឌទួលគោក មានតម្លៃ ១៨៦ ៧៣៨ដុល្លារ។
ជាមួយគ្នានេះ ខណ្ឌជ្រោយចង្វារ ១៣៧ ០០៦ដុល្លារ, ខណ្ឌច្បារអំពៅ មានតម្លៃ ៩០ ០០០ដុល្លារ, ខណ្ឌមានជ័យមានតម្លៃ ១០៨ ៧២០ដុល្លារ, ខណ្ឌសែនសុខមានតម្លៃ ១៣០ ០០០ដុល្លារ, ខណ្ឌពោធិ៍សែនជ័យមានតម្លៃ ៩៨ ០២១ដុល្លារ, ខណ្ឌដង្កោ មានតម្លៃជាមធ្យម ១៥០ ៤៤៩ដុល្លារ និងខណ្ឌឬស្សីកែវ មានតម្លៃ ១៣០ ០០០ដុល្លារ។
បើតាមអ្នកជំនាញអចលទ្រព្យបានថ្លែងបញ្ជាក់ឱ្យដឹងថា តំបន់រីកចម្រើនសំខាន់ៗនាពេលបច្ចុប្បន្ន មានខណ្ឌទួលគោក និងសែនសុខនៅភាគខាងជើង និងពាយ័ព្យនៃទីក្រុង។ លោក ថា ជាមួយគ្នានេះ មហាវិថីសម្តេច ហ៊ុន សែន ទៅភាគខាងត្បូងទីក្រុង និងតំបន់ជ្រោយចង្វារនៅភាគឦសាននៃទីក្រុង ក៏កំពុងមានសក្ដានុពលទាក់ទាញនវិនិយោគិនបណ្ដាក់ទុនជាច្រើនពាន់លានដុល្លារ។
«តំបន់ទាំងនោះតំណាងឱ្យចក្ខុវិស័យ កំណើនរយៈពេលមធ្យម និងវែងល្អសម្រាប់វិនិយោគ ប៉ុន្តែវិនិយោគិនគួរតែត្រៀមខ្លួនចាំ ក្នុងចន្លោះពី ៥ទៅ៧ឆ្នាំ បន្ទាប់ពីបញ្ចប់គម្រោងផ្សេងៗ»។ បើតាមការបញ្ជាក់អ្នកជំនាញដដែល បន្តថា ការពិចារណាសំខាន់ៗ ក៏នឹងរួមបញ្ចូលការសង្កតមើលក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់ត្រាហិរញ្ញវត្ថុបម្រុង និងអ្នកម៉ៅការ ក្នុងកំឡុងពេលសាងសង់ជាដើម។ លោកបញ្ជាក់ទៀតថា វិនិយោគិនគួរពិចារណាលើការប្រើប្រាស់ដីជុំវិញ និងស្រាវជ្រាវអ្វី ដែលកំពុងត្រូវបានអភិវឌ្ឍនៅជាប់នឹងគម្រោង ព្រោះវាអាចជះឥទ្ធិពលលើទេសភាព និងពន្លឺធម្មជាតិអនាគត ដែលជះឥទ្ធិពលដល់ការលក់ នៅពេលចង់លក់បន្ត។
ទោះបីការជួលក្នុងវិស័យខុនដូ លំដាប់ប្រណីតនៅភ្នំពេញបានធ្លាក់ចុះ២៥ ភាគរយចាប់តាំងពីដើមឆ្នាំ២០១៧ ដោយសារការផ្គត់ផ្គង់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែកម្ពុជានៅតែល្អសម្រាប់វិនិយោគិនបរទេស។ បើតាមការបន្តទៀតរបស់អ្នកជំនាញក្នុងវិស័យអចលទ្រព្យ បន្ថែមថា វិនិយោគិនក៏អាចជឿជាក់លើវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងសាងសង់ថ្មីៗ។
កន្លងមកថា ទីផ្សារអាផាតម៉ិននាពេលបច្ចុប្បន្ន បើទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏នៅតែអាចរក្សាបាននូវភាពល្អប្រសើរ បើធៀបទៅនឹងផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ បើតាមការអះអាងរបស់អ្នកជំនាញ បន្ថែមទៀតថា ទីផ្សារជួលអាផាតម៉ិន នៅតែបន្តរក្សាបានស្ថានភាពល្អប្រសើរ ហាក់មិនសូវរងនូវផលប៉ះពាល់នោះទេ ផ្ទុយទៅវិញនៅចុងឆ្នាំ២០២០ វត្តមាននៃអគារអាផាតម៉ិនថ្មីមួយចំនួនទៀត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងទីផ្សារបន្ថែមទៀត។ តំបន់ដែលប្រមូលផ្តុំ ទៅដោយវត្តមានអគារអាផាតម៉ិនច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេកត់សម្គាល់ឃើញថា ស្ថិតនៅក្នុងតំបន់ទួលទំពូង បន្ទាប់មកតំបន់បឹងកេងកង ខណ្ឌទួលគោក និងខណ្ឌដូនពេញ។
បើតាមការអះអាងរបស់អ្នកជំនាញដដែលបានបន្ថែម ហេតុផលដែលធ្វើឱ្យតំបន់ទួលទំពូង មានប្រជាប្រិយភាពក្នុងការវិនិយោគអាផាតមិនច្រើនជាងគេ ពីព្រោះជាតំបន់ដែលប្រមូលផ្តុំទៅដោយអាគារពាណិជ្ជកម្ម និងស្ថាប័នឯកជនច្រើនមិនចាញ់ តំបន់បឹងកេងកងប៉ុន្មាននោះទេ ប៉ុន្តែបើនិយាយពីតម្លៃដី គឺទាបជាងតំបន់បឹងកេងកងជិតពាក់កណ្តាល” ។
លោក ថា ដីនៅបឹងកេងកង ដែលស័ក្ដិសមនឹងសំណង់អគារអាផាតម៉ិន មានតម្លៃជាង ៥០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែ នៅទួលទំពូងអាចនៅក្នុងចន្លោះជាង ២៥០០-៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីផ្សារនៃការជួលវិស័យក្នុងផ្នែកនេះ នឹងមានការកើនឡើងនៅដើមឆ្នាំ២០២១ ជាពិសេសក្រោយពេលវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ត្រូវបានបញ្ចប់ និងត្រូវបានទប់ស្កាត់បានជាស្ថាពរ៕


ដោយ៖ Moeun Dyna