
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញនូវភាពគាំទ្រចំពោះការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ដែលមានលក្ខណៈជាផែនការសមា-ហរណកម្មជាមួយ វិស័យផ្សេងៗ ដែលនឹងក្លាយជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុ វិស័យនៃការអភិវឌ្ឍជាតិក្នុងឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្ត ច្បាស់លាស់របស់រាជរដ្ឋាភិបាល។ បើតាមទំព័រហ្វេសប៊ុកក្រសងទេសចរណ៍។
លោក រដ្ឋមន្រ្តីបានថ្លែងថា បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី មានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍន៍ជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ វប្បធម៌ (ជនជាតិដើមភាគតិច) លំដាប់ថ្នាក់អន្តរជាតិ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឱ្យបានច្រើន និងមកច្រើនដង និងបង្កើនការងារបង្កើនចំណូល ថែមទាំងលើក កម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «បឋមផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី» កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក ថោង ខុន បានថ្លែងបន្តថា មណ្ឌលគិរីមានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍ ជាកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ។ លោក ថា ទីតាំងភូមិសាស្ត្រខេត្តនេះ មានលក្ខណៈប្រហាក់ប្រហែលនឹងខេត្តឈៀងម៉ៃ ប្រទេសថៃ និងខេត្តដាឡាត់ ប្រទេសវៀតណាម ជាពិសេសភាពអំណោយផលនៃអាកាសធាតុត្រជាក់បង្គួរនៅតំបន់នេះ រួមជាមួយដីដ៏មានជីជាតិ។

លោក ថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដោយធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ។

«ផែនការមេធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ»។ ជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមថា ព្រលានយន្តហោះនៅខេត្តនេះ អាចនឹងត្រូវប្រើប្រាស់ ជាព្រលានយន្តហោះក្នុងតំបន់ ដោយតភ្ជាប់ទៅគោលដៅទេសចរណ៍ជិតខាងក្នុងនោះ ប្រទេសថៃ វៀតណាម និងឡាវ ជាមួយគ្នាទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជា ជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈឹមបូព៌ាជាដើម។

នៅក្នុងសិក្ខាសាលានោះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងថា ចំពោះការរៀបចំផែនការមេនេះ ក្រុមការងារបច្ចេកទេសបានចែកជា ២ដំណាក់កាល គឺ៖ ទី១-ការចុះប្រមូលទន្និន័យ តាមរយៈការចុះធ្វើអង្កេត និងចុះជួបសម្ភាសជាមួយភ្ញៀវទេសចរ ផ្នែកឯកជន ប្រជាពលរដ្ឋមូលដ្ឋាន និងចុះជួបពិភាក្សាជាមួយអង្គភាពជំនាញសំខាន់ៗក្នុងខេត្ត។ និងទី២-ការសរសេរផែនការមេ ដែលក្រុមការងារបច្ចេកទេសបានរៀបចំ និងបានកំពុងដាក់ជូនអង្គសិក្ខាសាលាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម។

អភិបាលខេត្តបានថ្លែងបញ្ជាក់ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានកំណត់ទិសដៅយុទ្ធសាស្ត្រអាទិភាព ៦រួមមាន៖ ទី១-ការបែងចែកតំបន់ទេសចរណ៍អាទិភាពសម្រាប់ការអភិវឌ្ឍ។ ទី២-ការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍។ ទី៣-ការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្សគាំទ្រ។ ទី៤-ការផ្សព្វផ្សាយ និងពង្រឹងរូបភាព វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ ទី៥-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អន្តរវិស័យគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ និងទី៦-ការសម្រួលការធ្វើដំណើរ ការតភ្ជាប់ និងការធ្វើសមាហរណកម្ម ក្នុងក្របខណ្ឌជាតិនិងតំបន់។

គិតត្រឹមថ្ងៃនេះ ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រេចបានប្រមាណ ៨០ភាគរយ នៃផែនការដែលបានកំណត់។ ជាការបញ្ជាក់របស់ លោក ស្វាយ សំអ៊ាង ថ្លែងបន្ថែមទៀតថា ផែនការមេនេះ ត្រូវបានរៀបចំជាផែនការដែលមានលក្ខណៈ សមាហរណកម្មជាមួយវិស័យផ្សេងៗ ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ៕
ដោយ៖ Moeun Dyna