Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដ៏ធំនៅខេត្តបាត់ដំបងសម្រេចបាន ៧០% គ្រោងនឹងបញ្ចប់ ឆ្នាំ២០២១

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់កូរ៉េ ចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០១៩ សម្រេចបានប្រមាណ ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១។ តាមការឱ្យពីក្រសួងធនទឹក បញ្ជាក់ថា «បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ហិកតា»។

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​ខ្ញុំ​ជាយូរ​ណាស់​មកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ ជាការថ្លែងរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន​ ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយ​ក៏ជាគម្រោងទី៣​ បន្ទាប់​ពី​គម្រោង​ពហុ​បំណង​សេកសក​ និង​ទំនប់​កង្ហត​ ក្នុង​ការ​ស្ទាក់​ទឹក​ទុក​ មុន​នឹង​ហូរ​ទៅ​ទន្លេ​សាប​។

ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃ៦ ខែសីហា ឆ្នាំ២០២០ រួមដំណើររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយ អភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធនធានទឹកខេត្ត លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ «​គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឱ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង»។

លោក លឹម គានហោ បន្ថែមថា  ទំបន់នេះ នឹងផ្ដល់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ។ លោក បញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកម្សាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍កាន់តែច្រើនចូលមកកាន់ខេត្តនេះ។

ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ១ខ្សែ ប្រវែង ៣៨០ ម៉ែត្រ, សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែប្រវែង ៧៤ម៉ែត្រ ចំនួន ១កន្លែង, ប្រឡាយធ្វើពីបេតុង ចំនួន ៤ខ្សែ ប្រវែង ១៧,៧៧គីឡូម៉ែត្រ, សំណង់ក្បាលហុង ចំនួន ៤កន្លែង, សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣កន្លែង, សំណង់ចែកចាយទឹក ចំនួន ២១កន្លែង, ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣កន្លែង, ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤កន្លែង៕

ដោយ៖ Moeun Dyna