Register Already an agent ? Login

ទូទាំងខេត្តបាត់ដំបង ផ្ទៃដីជាង ២ម៉ឺនហិកតា ប្រមាណ ២០ភាគរយ កំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្វះខាតទឹកស្រោចស្រព

ភ្នំពេញ៖ ក្រោយពីបានចុះវាយតម្លៃជាក់ស្តែង ក្រុមការងារគណៈកម្មការថ្នាក់ខេត្តបានពិនិត្យឃើញថា ជារួមនៅទូទាំងខេត្តបាត់ដំបង ដំណាំស្រូវវស្សាប្រមាណ ៨០ភាគរយ ដែលប្រជាកសិករបានដាំដុះលើផ្ទៃដីជាង ៣៧ម៉ឺនហិកតា មានស្ថានភាពល្អប្រសើរ ហើយ២០ភាគរយទៀត កំពុងគ្រោះរាំងស្ងួតប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។ បើតាមរដ្ឋបាលខេត្តបាត់ដំបង។

រដ្ឋបាលបានបន្តថា កាលពីថ្ងៃទី៤ ខែសីហានេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង បានចូលរួមដំណើរជាមួយ គណៈកម្មការថ្នាក់ខេត្ត ដឹកនាំដោយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យវាយតម្លៃស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករក្នុងខេត្ត។

ខេត្តបាត់ដំបង ចាប់តាំងពីដើមរដូវវស្សាមកដល់ពេលនេះ ទទួលបានរបាយទឹកភ្លៀងក្នុងកម្រិតតិចតួច និងមិនបានរាយប៉ាយសព្វគ្រប់ទីកន្លែងនោះទេ។ បើតាមរដ្ឋបាលខេត្តឱ្យដឹង បន្តថា បើទោះបីជាស្ថានភាពអាកាសធាតុមិនអំណោយផល ប៉ុន្តែតាមរយៈបទបញ្ជា របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង បញ្ហាខ្វះខាតទឹកត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយដំណាំស្រូវវស្សារបស់ប្រជាកសិករ ក៏ត្រូវបានប្រមូលផលជាបណ្តើរៗផងដែរ ជាមួយនឹងទិន្នផលយ៉ាងល្អប្រសើរ។

តាមការឱ្យដឹងពី ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជ្ជិរា បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហានេះ ថា ដំណាំស្រូវដែលរងផលប៉ះពាល់ជាង ២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត គ្មានទឹកគ្រប់គ្រាន់ម្រាប់ការងារបង្ករបង្កើនផល។ លោក បញ្ជាក់ «ដំណាំស្រូវរបស់ប្រជាកសិករ ជាង២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅស្រុកចំនួន៣ គឺស្រុកបវិល ស្រុកមោងឬស្សី និងស្រុកថ្មគោល»។

ស្រូវមួយចំនួនមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយភាគច្រើនដែលស្រូវប៉ះពាល់ខ្លាំង គឺស្រូវស្រាលមិនប្រកាន់រដូវ ដែលពួកគាត់ដាំដុះតាំងពីខែ៥មកម្ល៉េះ ពោលគឺចន្លោះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមិនមានភ្លៀងធ្លាក់ ដែលធ្វើឱ្យដំណាក់កាលស្រូវរបស់ពួកគាត់ត្រូវបែកគុម្ព និងលូតលាស់ទៅមិនរួច។ ជាការបន្តរបស់ប្រធានមន្ទីរកសិកម្មដដែល បន្ថែថា ប៉ុន្តែប្រភេទស្រូវផ្ការំដួលវិញ នៅពេលដែលមានភ្លៀងធ្លាក់មកវាមិនមានបញ្ហាទេ បើប៉ះពាល់ក៏ប៉ះពាល់តិចតួចដែរ ដូច្នេះយើងក៏អាចសង្រ្គោះវាបានវិញផងដែរ។

ផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋទេ ពីព្រោះស្រូវទាំងនេះមិនបានខូចខាតទាំងស្រុងឡើយ។ ជាការបញ្ជាក់បន្តរបស់ លោក ឈឹម វជ្ជិរា បានអះអាំងថា យ៉ាងណាក៏ សម្រាប់ប្រជាពលរដ្ឋដែលខូចខាតស្រូវទាំងស្រុង មន្ទីរបានត្រៀមពូជស្រូវ និងពូជបន្លែសម្រាប់ចែកជូនពួកគាត់ យកទៅបង្ករបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយជីវភាព៕

ដោយ៖ Moeun Dyna