Register Already an agent ? Login

អន្តរក្រសួងគាំទ្រលើគម្រោង សាងសង់ផ្លូវជាតិ៧១C មានប្រវែងជាង ១០០គីឡូម៉ែត្រដែលឆ្លងកាត់ ខេត្តត្បូងឃ្មុំ និងកំពង់ចាម

ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រទៅលើគម្រោង ស្ថាបនាផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គ.ម នៅក្នុងភូមិសាស្រ្តក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុក ស្ទឹងត្រង់ ស្រុកចំការលើ ខេត្តកំពង់ចាម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា PPIC CO., LTD.

ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងផ្លូវជាតិលេខ ៧១C ដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

កិច្ចប្រជុំខាងនេះដែរ​ ដែលមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អន្តរក្រសួង​ពាក់ព័ន្ធ​ ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តកំពង់ចាម នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សា។

កិច្ចប្រជុំ​អន្តរក្រសួងបានសម្រេច ​និងគាំទ្រគម្រោងចេញជាលទ្ធផល​ដូចខាងក្រោម​៖

ទី១-អង្គប្រជុំគាំទ្រគម្រោងផ្លូវជាតិលេខ៧១C។ ទី២-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីសិក្សា និងរចនាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវ ចៀសវាងការប៉ះពាល់លើទីតាំងកប់សពរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ទី៣-ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការរចនាផ្លូវឱ្យទៅតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទី៤-ម្ចាស់គម្រោងត្រូវរចនាប្រព័ន្ធដោះទឹកភ្លៀងនៅតាមផ្លូវមេ និងផ្លូវរងនីមួយៗ​ឱ្យបានត្រឹមត្រូវ ចៀសវាងការហូរច្រោះ ការជន់លិចដីស្រែ-ចម្ការ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ទី៥-ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ដោយសារសកម្មភាពគម្រោងឱ្យបានរួចរាល់ មុននឹងអនុវត្តគម្រោង។ ៦-ម្ចាស់គម្រោងត្រូវស្រោចទឹក ជាប្រចាំ ដើម្បីកាត់បន្ថយ ការហុយធូលី ព្រមទាំងកាត់បន្ថយសំឡេង និងរំញ័រនៅតាមទីប្រជុំជនសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម។

ទី៧-ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺនៅតាមដងផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ទី៨-ម្ចាស់គម្រោងត្រូវមានផែនការដាំឈើ និងដាំស្មៅតាមជើងទេរ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៩-ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោង ដើម្បីបញ្ចូលនូវអនុសាសន៍ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។ ទី១០-ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវដូចបានរៀបរាប់នៅក្នុងរបាយការណ៍ ESIA នេះ។

សូមរម្លឹកថា តាមគម្រោង​ការសាងសង់​ផ្លូវជាតិ​លេខ៧១​C នៅដំណាច់ឆ្នាំ២០១៩នេះ នឹង​ត្រូវ​ចំណាយរយៈពេលជាង ៣ឆ្នាំ​ ហើយទឹកប្រាក់​ចំណាយ​សរុប​​ជាង ១០០លាន​ដុល្លារ​។ នៅក្នុង​គម្រោង​នៃ​ការសាងសង់​ផ្លូវជាតិ​៧១​C ​ នឹង​ត្រូវ​ស្ថាបនា​ទ្រូងផ្លូវ​ទំហំ ១២ម៉ែត្រ។​ ចំណែកឯ ផ្លូវបំបែក​ចូល​ភូមិ​ ឃុំ​នឹង​ត្រូវធ្វើ​ទំហំ៩ម៉ែត្រ​។ បើតាមការឱ្យដឹងពីមន្រ្តីដឹកជញ្ជូន ខេត្ត​ត្បូងឃ្មុំ និងបានបន្តថា ទីតាំង​គោល​នៃ​ផ្លូវ​ដែល​ត្រូវ​បំបែកចេញ​ពី​ផ្សារ​ចំការលើ​ខេត្ត​កំពង់ចាម​ ​នឹង​ត្រូវ​មក​បញ្ចប់​នៅ​តំបន់​សាលាខេត្ត​ត្បូងឃ្មុំ​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ជូរ​ ឃុំ​ស្រឡប់​ ស្រុក/ខេត្ត​ត្បូងឃ្មុំ​ និង​មានផ្លូវ​ខ្នែង​មួយ​ខ្សែ​ទៀត​ឆ្ពោះទៅ​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៧៣​។

ផ្លូវនេះ មានប្រវែងសរុបចំនួន១១០គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ បើតាមការឱ្យដឹងពី លោក ស៊ុន ចាន់ថុល និងបានបន្តថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃ ត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយសមស្របសំដៅធានាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ បើកការដ្ឋាននៅដំណាចឆ្នាំ២០១៩នេះ ឱ្យបានគុណភាពខ្ពស់។

លោក បានបញ្ជាក់ថា «ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅខេត្តកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ»៕

ដោយ៖ ឌីណា