Register Already an agent ? Login

កម្មករក្នុងវិស័យសំណង់ ទាមទារឲ្យរដ្ឋកំណត់ប្រាក់ឈ្នួលគោលអប្បបរិមា និងអត្ថប្រយោជន៍បន្ថែម

ភ្នំពេញ៖ ថ្វីបើកំណើនសេដ្ឋកិច្ចកម្ពុជា បាននឹងកំពុងតែធ្វើរីកលូតលាស់ស្របទៅនឹង វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់ និងអចលនទ្រព្យក៏ពិតមែន ប៉ុន្តែស្ថានភាពជាក់ស្តែងរបស់អ្នកបម្រើការងារនៅក្នុងវិស័យសំណង់បានត្អូញត្អែរថារដ្ឋពុំសូវយកចិត្តទុកដាក់ និងជួយពួកគេច្រើនប៉ុន្មានទេ បើប្រៀបធៀបទៅនឹងកម្មករដូចគ្នានៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ជាពិសេសគឺស្ត្រីដែលធ្វើការសំណង់តែម្តង ។

ស្ត្រីជាកម្មករសំណង់ជាច្រើនលើកឡើងដូចគ្នាថា ស្ត្រីប្រឈមការងារធ្ងន់ស្រាល នៅក្រោមកម្ដៅថ្ងៃភ្លៀង ខ្យល់ ដូចតែគ្នា នៅកន្លែងធ្វើការដូចបុរសៗដែរ ជួនកាលគ្មានឧបករណ៍សម្រាប់ការពារខ្លួននៅកន្លែងធ្វើការដូចបុរសទេ ប៉ុន្តែទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាងបុរសជានិច្ច។ ដោយស្ត្រីធ្វើការងាររៀបឥដ្ឋ ជញ្ជូនឥដ្ឋ លាយស៊ីម៉ងត៍ និងលីសែងដែក បានដូចតែបុរសដែរ ហើយភាគច្រើនធ្វើការច្រើនម៉ោងជាងបុរសផង ប៉ុន្តែទាំងប្រធានក្រុមហ៊ុនធំ និងអ្នកម៉ៅការគេមិនទទួលស្គាល់ និងឱ្យតម្លៃឡើយ។

ស្ត្រីដែលធ្វើការនៅក្នុងផ្នែកសំណង់

លោក យ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានប្រាប់ឱ្យដឹងថា៖ បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីបរិមាណកម្មករបម្រើការងារនៅក្នុងវិស័យសំណង់មានប្រមាណ ១៩ ទៅ ២០ ម៉ឺននាក់ ហើយបើគិតចំពោះកម្មករសំណង់ជាស្ត្រីភេទមានប្រមាណ៣០ភាគរយនៅក្នុងនោះ។ ដោយឡែក រហូតមកដល់ពេលនេះកម្មករសំណង់ជា «សមាជិករបស់ BWTUC គឺមានតែជាង ៦០០០នាក់ប៉ុណ្ណោះ»។ លោកបន្តថា៖ សម្រាប់ពួកយើងបានមើលឃើញថា ការងាររបស់ពួកគាត់នៅក្នុងវិស័យសំណង់ គឺមានសក្តានុពលខ្លាំងសម្រាប់ជួយជំរុញល្បឿនសេដ្ឋកិច្ចជាតិ។

ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ស្ត្រីកម្មករសំណង់ខាងលើលោក យ៉ាន់ ធី បានមើលឃើញថា រដ្ឋពុំសូវយកចិត្តទុកដាក់ និងជួយគេច្រើនទេ។ លោកបានបន្ថែមថា ៖ «

ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នាយើងទទូចឲ្យរដ្ឋាភិបាលជួយបង្កើតគោលនយោបាយកំណត់ប្រាក់ឈ្នួលគោល អប្បបរមាដល់កម្មករបម្រើការងារនៅក្នុងផ្នែកសំណង់ បង្កើតច្បាប់ផ្សេងៗដែលអាចផ្តល់ជាអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតដល់ កម្មករ-កម្មការិនីសំណង់ និងប្រយោជន៍ដល់ភាគីពាក់ព័ន្ធ។

ចំណែកលោក ហេង សួរ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថា៖ បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការជាមួយអង្គការ ILO បានធ្វើការសិក្សា ដើម្បីពិនិត្យលទ្ធភាពនៃការពង្រីកវិសាលភាពនៃប្រាក់ឈ្នួលអប្បបរមា កម្មករសំណង់ ហើយតាមការពិតជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ប្រាក់ឈ្នួលរបស់ពួកគាត់ទទួលបានលើសពីប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង។ លោកបានបន្ថែមថា៖ អ្វីដែលជាប្រាក់ឈ្នួលអប្បរមា ដែលបងប្អូនកម្មករធ្វើការនៅក្នុងវិស័យសំណង់នេះ គឺបានលើសពីកម្រិតប្រាក់ឈ្នួលអប្បបរមានៃវិស័យកាត់ដេរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលក្ខខណ្ឌនៃការធ្វើការងារគឺផ្សេងគ្នា។ អ៊ីចឹងហើយបានជាវាអាចទាមទារឲ្យមានការសិក្សាជាក់លាក់មួយបន្ថែមទៀតពីខាងអង្គការ ILO និងភាគីពាក់ព័ន្ធ ថាតើគួរតែប្រើប្រាស់ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរនេះ ហើយពង្រីកវាទៅឲ្យដល់វិស័យសំណង់តែម្តង ឬក៏គួរមានប្រាក់ឈ្នួលអប្បបរមាដោយឡែកសម្រាប់វិស័យសំណង់? ហើយជាទូទៅប្រហែលជាកំណត់យកប្រាក់ឈ្នួល អប្បបរមាថ្នាក់ជាតិមួយដែលអាចប្រើប្រាស់បានគ្រប់វិស័យតែម្តង។ ម្យ៉ាងទៀតភាគីខាងលោកក៏បាននឹងកំពុងសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាគណៈវិស្វករកម្ពុជា ដើម្បីជំរុញឲ្យក្រុមហ៊ុនសំណង់ទាំងអស់គឺត្រូវតែមានការអនុញ្ញាតពីក្រសួងដែនដី ហើយអ្នកឈរឈ្មោះឬក្រុមហ៊ុនសំណង់ទាំងនោះត្រូវតែមានអ្នកបច្ចេកទេសផ្នែកស្ថាបត្យកម្មសំណង់ ដើម្បីធានាថា រាល់បទដ្ឋានសុវត្ថិភាពអ្វីផ្សេងៗនឹងគោរពទៅតាមច្បាប់ត្រឹមត្រូវ។

លោកបានពន្យល់ជាចុងក្រោយថា៖ នៅប្រទេសណាក៏ដោយការសិក្សាពីការកំណត់ប្រាក់ឈ្នួលអប្បបរមាដល់និយោជិត គឺតែងត្រូវបានធ្វើឡើងដោយត្រូវតែឆ្លងកាត់យន្តការពិភាក្សាត្រីភាគី គឺរួមទាំងនិយោជកដែលធ្វើការនៅក្នុងវិស័យ នោះ ភាគីពាក់ព័ន្ធ និងរដ្ឋ៕

ប្រភព៖ Post Khmer 

រូបភាពកម្មករសំណង់នៅក្នុងក្រុងភ្នំពេញ