Register Already an agent ? Login

ការវិនិយោគដីឡូត៍កំពុងប្រឈមនឹងហានិភ័យ

យើងសង្កេតឃើញថានៅតាមជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តភាគច្រើន មានផ្ទាំងប៉ាណូប្រកាសលក់ដីឡូត៍ព្រោងព្រាតដូចផ្សិត ប៉ុន្តែការវិនិយោគលើវិស័យនេះប្រឈមហានិភ័យយ៉ាងដូចម្តេចនោះនៅតែគ្មានអ្នកណាអាចឆ្លើតតបបាននោះទេ។

អគ្គនាយកក្រុមហ៊ុន Premium Housing លោក ម៉ាន់ ចាន់ឌី ដែលបានវិនិយោគពុះដីឡូត៍លក់ជាច្រើនទីតាំងបានថ្លែងឲ្យដឹងថា គម្រោងរបស់លោកស្ថិតនៅជាយក្រុងភ្នំពេញ ស្ថិតនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់ដែលលោករំពឹងថា នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ហើយអតិថិជនដែលលោកផ្តោតជាសំខាន់ គឺអ្នកមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលមធ្យម ដែលពួកគេអាចទិញតាមរយៈការបង់រំលស់ និងអាចសាងសង់ផ្ទះបានសម្រាប់អនាគត ដោយសារគម្រោងនីមួយៗសុទ្ឋតែមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទឹក ភ្លើង និងផ្លូវធំទូលាយ។ លោកបានបន្តទៀតថា កន្លងមកមានប្រជាជនរងគ្រោះពីការទិញដីឡូត៍ផងដែរ ព្រោះមានជនខិលខូចបានដើរចង្អុលដីរបស់គេ និងលក់ឲ្យប្រជាជនតាមរយៈការប្រមូលប្រាក់កក់ ហើយនៅទីបំផុតពួកគេរត់ចោលទុកឲ្យប្រជាជនជាអ្នករងគ្រោះហើយលោកក៏បានពន្យល់ជនរងគ្រោះពីនីតិវិធីទិញដី ដើម្បីបញ្ចៀសហានិភ័យ ដើម្បីកុំឲ្យពួកគាត់រងគ្រោះសាជាថ្មី។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា នៅតំបន់ជាយក្រុងមានក្រុមហ៊ុនមួយចំនួនបានរកស៊ីឆក់កណ្តៀត បោកប្រាស់ប្រជាពលរដ្ឋដែលមិនបានដឹងព័ត៌មានច្បាស់លាស់។ ពួកគេមិនដឹងផ្លូវ និងបណ្តាញលូ ទឹកស្អាត និងបណ្តាញអគ្គិសនីនៅឯណានោះទេ ហើយមានពួកអ្នកឱកាសនិយមមួយចំនួនបានកក់ប្រាក់ម្ចាស់ដីចំនួន១០ភាគរយ ឬច្រើនជាងនេះ ក៏ត្រូវគ្នាជាមួយម្ចាស់ដី ដើម្បីពុះជាឡូត៍លក់ដោយគ្រាន់តែលើកស្លាកបង្ហាញ ប៉ុន្តែនៅពេលពួកគេលក់មិនចេញ ពួកគេក៏រត់ចោល ហើយអ្នករងគ្រោះ គឺម្ចាស់ដីពិតប្រាកដ និងអ្នកទិញតែម្តង។ដោយលោកថ្លែងថា លោកបាននឹងកំពុងរៀបចំពុះដីឡូត៍លក់ផងដែរ ប៉ុន្តែគម្រោងដីឡូត៍របស់លោកបានផ្តោតលើដីធំ ដែលអាចសាងសង់វីឡាដោយដីឡូត៍នីមួយៗមានទំហំ២០គុណនឹង៣០ម៉ែត្រ និងមិនផ្តល់ការបង់រំលស់ និងមិនលក់ជូនអ្នកទិញយកចំណេញទេ។

អ្នកជំនាញអចលនទ្រព្យមួយរូប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានពន្យល់ថា បញ្ហាដីឡូត៍ជារឿងឈឺក្បាលសម្រាប់រដ្ឋាភិបាលនាពេលអនាគត ព្រោះ

ទី១ ម្ចាស់ដីឡូត៍ភាគច្រើនមិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវនោះទេ។

ទី២ ម្ចាស់ដីឡូត៍មួយចំនួនមានប្លង់រឹង តែមិនបានកាត់ប្លង់រឹងជូនអតិថិជននោះឡើយ ដែលថ្ងៃក្រោយដីនោះនឹងមានបញ្ហានៅពេលម្ចាស់ដើមផ្ទេរកម្មសិទ្ឋដីនោះជូនអ្នកណាម្នាក់ ឬប្លង់នោះជាប់បញ្ចាំនៅធនាគារជាដើម។

ទី៣ ការទិញដីឡូត៍មិនសូវទទួលបានផលចំណេញនោះទេ ព្រោះតម្លៃដីឡូត៍មានតម្លៃខ្ពស់ និងអ្នកវិនិយោគដំបូងបានយកចំណេញខ្ពស់រួចទៅហើយ និងទី ៤ សំណង់នៅតំបន់ដីឡូត៍មិនរៀបរយនោះទេ ព្រោះមិនមានការកំណត់សាងសង់ជាក់លាក់នូវប្លង់មេណាមួយពីម្ចាស់ដី ដោយសារអ្នកវិនិយោគពុះដីឡូត៍លក់រួច ពួកគេមិនបានទទួលខុសត្រូវលើការសាងសង់នោះទេ៕ 

ប្រភព៖ ​Post  Khmer