ភ្នំពេញ៖ អាជីវកម្មជាច្រើនកំពុងបាត់បង់លុយ ដោយមិនដឹងខ្លួន ចំណាយណាខ្លះ អាចកាត់កងពន្ធបាននៅកម្ពុជា ការយល់ច្រឡំតូចមួយ អាចប៉ះពាល់ដល់ពន្ធរាប់ម៉ឺនដុល្លារ។ កម្មវិធី «ពន្ធដារកម្ពុជា» បកស្រាយច្បាស់ពីចំណាយអនុញ្ញាតឱ្យកាត់កង ដែលសហគ្រាសគួរដឹង។
សម្រាប់សហគ្រាស និងអាជីវកម្មជាច្រើននៅកម្ពុជា “ចំណាយ” មិនមែនគ្រាន់តែជាលេខនៅក្នុងបញ្ជីគណនេយ្យទេ ប៉ុន្តែជាចំណុចសំខាន់ដែលអាចកំណត់ថា តើត្រូវបង់ពន្ធច្រើន ឬតិច—ឬអាចជួបហានិភ័យពន្ធដារ ដោយមិនបានរំពឹងទុក។
ក្នុងបរិបទនេះ កម្មវិធី «ពន្ធដារកម្ពុជា» ដែលផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ បានលើកយកប្រធានបទមួយ ដែលទាក់ទងផ្ទាល់នឹងអាជីវកម្មគ្រប់ទំហំ គឺ ពន្ធលើប្រាក់ចំណូល និងចំណាយដែលអនុញ្ញាតឱ្យកាត់កងបាន។
វាគ្មិនក្នុងកម្មវិធី គឺ លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស បានបញ្ជាក់ថា មូលហេតុធំមួយដែលធ្វើឱ្យសហគ្រាសជួបបញ្ហាពេលសវនកម្មពន្ធ គឺការយល់មិនច្បាស់អំពី “ចំណាយអនុញ្ញាតឱ្យកាត់កង”។ ចំណែក លោកស្រី ស៊ឹម ចាន់ឌី ជាអ្នកសម្របសម្រួល បានលើកឡើងថា កម្មវិធីនេះមានគោលបំណងបំបែកភាសាច្បាប់ពន្ធ ឱ្យក្លាយជាភាសាដែលអាជីវកម្មអាចយល់ និងអនុវត្តបាន។
យោងតាម ប្រកាសលេខ ៥៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល ចំណាយដែលអនុញ្ញាតឱ្យកាត់កង គឺជាចំណាយសម្រាប់អាជីវកម្ម ដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងក្នុងឆ្នាំជាប់ពន្ធ ហើយមិនមែនជាចំណាយដែលនាំឱ្យបង្កើតទ្រព្យសកម្ម ឬជាចំណាយដែលមានការលុបបំណុលឡើយ។
វាគ្មិនបានសង្កត់ធ្ងន់ថា ចំណាយមិនមែន “មានចំណាយ = អាចកាត់កង” ទេ។ ដើម្បីឱ្យចំណាយណាមួយត្រូវបានទទួលស្គាល់ សហគ្រាសត្រូវបំពេញ លក្ខខណ្ឌចំនួន ៣ ដោយគ្មានករណីលើកលែង។
លក្ខខណ្ឌទី១ គឺ ភាពពិតប្រាកដនៃចំណាយ។ ហេតុការណ៍ដែលបណ្តាលឱ្យមានចំណាយ ត្រូវកើតឡើងពិត និងជាកាតព្វកិច្ចរបស់សហគ្រាស ដោយមានភស្តុតាងអាចត្រួតពិនិត្យបាន ដូចជា វិក្កយបត្រ ប្រតិវេទន៍គយ កិច្ចសន្យា ឬឯកសារពាក់ព័ន្ធផ្សេងៗ។
លក្ខខណ្ឌទី២ គឺ លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចត្រូវបានកើតឡើង។ នេះមានន័យថា ចំណាយត្រូវភ្ជាប់ជាមួយសកម្មភាពពិតប្រាកដ ដូចជាការទទួលទំនិញ សេវា ការប្រើប្រាស់ទ្រព្យសកម្ម ឬការផ្គត់ផ្គង់សេវាជាក់ស្តែង។ ករណីជាក់លាក់មួយចំនួន ដូចជា សំណង ប្រាក់រង្វាន់ ការចុះថ្លៃ ឬប្រាក់ពន្ធមួយចំនួន ក៏ត្រូវបានចាត់ទុកថាលទ្ធផលសេដ្ឋកិច្ចបានកើតឡើងផងដែរ។
លក្ខខណ្ឌទី៣ គឺ ការកត់ត្រាគណនេយ្យត្រឹមត្រូវ។ ចំណាយត្រូវបានកត់ត្រាច្បាស់លាស់ក្នុងឆ្នាំជាប់ពន្ធ មានភស្តុតាងបញ្ជាក់អំពីចំនួនទឹកប្រាក់ និងកាលបរិច្ឆេទ។ ការខ្វះឯកសារ ឬកត់ត្រាមិនពេញលេញ អាចធ្វើឱ្យចំណាយត្រូវបានបដិសេធនៅពេលសវនកម្ម។
តាមអគ្គនាយកដ្ឋានពន្ធដារ ការយល់ច្បាស់អំពីចំណុចទាំងនេះ មិនត្រឹមតែជួយសហគ្រាសគោរពច្បាប់ទេ ប៉ុន្តែជួយឱ្យអាជីវកម្មគ្រប់គ្រងពន្ធបានប្រសើរ កាត់បន្ថយហានិភ័យ និងបង្កើនតម្លាភាពក្នុងប្រព័ន្ធពន្ធដារជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)