
ភ្នំពេញ៖ បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ការគេចវេះពន្ធ ជាអំពើណាមួយដែលបានប្រព្រឹត្តឡើងដោយចេតនា និងរៀបចំទុកជាមុន ដែលនាំឱ្យបាត់ប្រាក់ពន្ធ និងព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ។
លោក ដួង វ៉ាន់ឌី អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ជា វាគ្មិន និងលោកស្រី មាន សុលី មន្ត្រីនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ជាអ្នកសម្របសម្រួលកម្មវិធី បានលើកយកប្រធានបទ “បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ និងការចៀសវាងការប្រព្រឹត្ត បទល្មើស” មកធ្វើបទបង្ហាញនិងពិភាក្សា ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងកម្មវិធីនេះ វាគ្មិនបានលើកឡើងថា អនុលោមតាមបទប្បញ្ញត្តិដូចមានចែងក្នុងផ្នែកទី៥ ជំពូកទី១៨ នៃច្បាប់ស្តីពី សារពើពន្ធ
បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ រួមមាន៖
១. “ការគេចវេះពន្ធ” (មាត្រា ២២៦នៃច្បាប់ស្តីពីសារពើពន្ធ) គឺជាអំពើណាមួយ ដែលបានប្រព្រឹត្តឡើងដោយចេតនា និងរៀបចំទុកជាមុន ដែលនាំឱ្យ បាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធដារតម្រូវឱ្យបង់។ ត្រូវបានចាត់ទុកថាជាការគេចវេះពន្ធផងដែរចំពោះករណីណាមួយដូចខាងក្រោម៖
-ការធ្វេសប្រហែសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា២២៤ នៃច្បាប់ស្តីពីសារពើពន្ធ ៣ (បី) ឆ្នាំនៃឆ្នាំប្រតិទិន ដែលត្រូវបានប្រព្រឹត្តឡើងពីរលើកដាច់ពីគ្នាក្នុងរយៈពេល
-ការធ្វេសប្រហែសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា២២៤ នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានប្រព្រឹត្តឡើងបីលើកឬច្រើនជាងនេះដាច់ពីគ្នា ក្នុងរយៈពេល ១០ (ដប់) ឆ្នាំនៃឆ្នាំប្រតិទិន។
២. “អំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ” មួយចំនួនដែលមានចែងក្នុងមាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងនោះមាន៖
-ព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ
- កសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
-លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសាររបាយការណ៍ ឬព័ត៌មានផ្សេងៗ
-ចេញវិក្កយបត្រក្លែងបន្លំ
- មិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។
៣. សកម្មភាពមួយចំនួនដែលចែងក្នុងមាត្រា២៤៥ មាត្រា២៤៦ មាត្រា២៤៧ មាត្រា២៤៩ និងមាត្រា២៥០ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុង នោះមាន៖
- ប្រកបវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្មពន្ធដារដោយគ្មានអាជ្ញាបណ្ណ
- ខកខានមិនបានបង់ប្រាក់ពន្ធដែលបានប្រមូលរួច
-ប្រមូលប្រាក់ពន្ធដែលមិនមានសិទ្ធិប្រមូល។
បន្ថែមពីនេះ លោក ដួង វ៉ាន់ឌី ក៏បានបកស្រាយអំពីបទល្មើសសម្អាតប្រាក់ផងដែរ ដោយយោងតាមមាត្រា៣ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការសម្អាតប្រាក់គឺជា៖
- ការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថា ទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្រប ច្បាប់នៃទ្រព្យទាំងនេះ ឬជួយបុគ្គលណាដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គល់នោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាព របស់ខ្លួន
-ការបិទបាំង ឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះ បានពីបទល្មើស
- ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានពីបទល្មើស
- ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់ស្របតាម កថាខណ្ឌទី១ មាត្រា៣ នៃ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)