Register Already an agent ? Login

១ខែដំបូង ឆ្នាំ២០២៤ ពន្ធអាករគ្រប់ប្រភេទ ពន្ធដារប្រមូលបានជិត ៣០០លានដុល្លារ ថយជិត១% ធៀបឆ្នាំ២០២៣

ភ្នំពេញ៖ ១ខែដំបូង ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនប្រមាណជា ២៩៨,៥៥លានដុល្លារ ធៀបនឹងឆ្នាំ២០២៣ ថយចុះ ចំនួនប្រមាណជា ២,០៣លានដុល្លារ។ បើតាមការលើកឡើង លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ការលើកឡើង លោក គង់ វិបុល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោក គង់ វិបុល បានថ្លែងថា ត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលផ្តល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ យន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើសការមកផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។

អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ ចំណូលសម្រាប់ឆ្នាំ២០២៣ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ e-Filing និង Tol e-Filing ដែលរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការ ដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបាន ចំនួន ៣៥,១១ ប៊ីលានរៀល (ប្រមាណ ៨,៦៧លានដុល្លារ)។ បើតាមការបន្ថែម លោក គង់ វិបុល។

លោក បានបន្តថា ក្នុងខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំនិយាម នីតិវិធីប្រតិបត្តិការងារ (SOP) ស្តីពីការជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធ និងការស្នើសុំទិន្នន័យអចលនទ្រព្យ។ ជាមួយគ្នានេះ បានបញ្ចប់ការរៀបចំសេចក្តីព្រាងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិ ដែលជាឯកសារនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ចំពោះមុខងារ និងប្រភេទពន្ធសំខាន់ៗ នៅកម្រិតអគ្គនាយកដ្ឋានពន្ធដារ។

ជាទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការនិងជាយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖

បន្តរៀបចំ និង/ឬធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្តីណែនាំ និង/ឬសេចក្តីជូនដំណឹង) ក្នុងការ អនុវត្តនូវវិធានការលើកទឹកចិត្ត និងការសម្រួលផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបន្តពង្រឹងការ អនុវត្តប្រកបដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញ កន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាពការងារ

បន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ស្របតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ពង្រឹងការបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងដាក់ឱ្យប្រើប្រាស់នូវ "កម្មវិធីរដ្ឋបាល អេឡិចត្រូនិក GDT e-Administration" និង "ប្រព័ន្ធគ្រប់គ្រងការតាមដានឯកសារ មុខងារបញ្ជីឯកសារ តាមរយៈ GDT e-Administration” ដែលនឹងក្លាយជាឧបករណ៍ទំនើបដើម្បីគាំទ្ររាល់ការផ្តល់សេវាអ្នកជាប់ពន្ធ ដែលផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធនិងសាធារណជនក្នុងការដាក់លិខិតរដ្ឋបាលនានាតាមប្រព័ន្ធអេឡិចត្រូនិក មករដ្ឋបាលសារពើពន្ធដើម្បី ដំណើរការឯកសារជូន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)