Register Already an agent ? Login

ក្រៅពីពន្ធលើប្រាក់ចំណូល ពន្ធលើផ្ទាំងផ្សព្វផ្សាយត្រូវប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រៅពីពន្ធលើប្រាក់ចំណូល ពន្ធលើផ្ទាំងផ្សព្វផ្សាយក៏ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិង បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

ពន្ធលើផ្ទាំងផ្សព្វផ្សាយជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៤នេះ ត្រូវប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ពន្ធលើផ្ទាំងផ្សព្វផ្សាយមានគោលដៅប្រមូលលើប័ណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មដើម្បី ឱ្យអតិថិជនឬសាធារណជនបានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និង ផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវបានលើកលែងផងដែរចំពោះ ស្លាករបស់ស្ថាប័នរដ្ឋ ស្លាករបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការជាតិនិងអង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលដទៃទៀតនិងអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនានាព្រមទាំងលើកលែងចំពោះផ្ទាំងផ្សព្វផ្សាយក្នុងគោលបំណងមិនស្វែងរក ប្រាក់ចំណេញ ដែលមានជាអាទិ៍ ការថែរក្សានិងការពារបរិស្ថាន ការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ការការពារធនធានធម្មជាតិ ការអប់រំចរាចរណ៍ និងការអប់រំសុខភាពជាដើម។

គួររម្លឹកផងដែរថា ពន្ធលើផ្ទាំងផ្សព្វផ្សាយ មិនមែនជាប្រភេទពន្ធថ្មីនោះទេ ពោលគឺពន្ធនេះត្រូវបានផ្លាស់ប្តូរឈ្មោះមកពីពន្ធតែមប្រើសារពើពន្ធ តាមរយៈច្បាប់ស្តីពីសារពើពន្ធ(ឆ្នាំ២០២៣) ដែលបានលុបចេញការយកពន្ធនេះលើលិខិតបទដ្ឋានគតិយុត្តដោយអនុវត្តតែលើការផ្សព្វផ្សាយ ក្នុងគោលបំណងអាជីវកម្មតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ២៨៧ អនក្រ.បក ស្តីពីពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលបានកំណត់ពីប្រភេទ អត្រា និងលក្ខខណ្ឌបន្ថែមសម្រាប់ការអនុវត្តពន្ធនេះផងដែរ។

អ្នកជាប់ពន្ធអាចបង់ពន្ធលើផ្ទាំងផ្សព្វផ្សាយដោយផ្ទាល់ នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬបង់ប្រាក់ ពន្ធតាមប្រព័ន្ធ e-Payment រួចតម្រូវឱ្យយកលិខិតប្រកាសនិងឯកសារពាក់ព័ន្ធមកទីចាត់ការពន្ធដាររាជធានីភ្នំពេញ ចំពោះផ្ទាំងផ្សព្វផ្សាយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្តដែលផ្ទាំងផ្សព្វផ្សាយនោះស្ថិតនៅ។

ប៉ុន្តែ ក្នុងករណីអ្នកជាប់ពន្ធជ្រើសរើសបង់ពន្ធនេះ តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) នោះមិនតម្រូវឱ្យធ្វើដំណើរទៅបង់ពន្ធនៅធនាគារ និងដាក់លិខិតប្រកាសផ្ទាល់ នៅអង្គភាពពន្ធដារនោះទេ គឺអាចប្រកាសនិងបង់ប្រាក់ពន្ធតាមកម្មវិធី GDT Taxpayer App ផ្ទាល់តែម្ដង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)