Register Already an agent ? Login

រាជរដ្ឋាភិបាល ផ្ដល់ដី៣០០ហិកតា និងសង់ផ្ទះ១០០ខ្នង តាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាមដល់គ្រួសារយោធិន

ស្វាយរៀង៖ រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកំពង់រោទ៍​ ខេត្តស្វាយរៀង​ និងបានសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ បានចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចខាងលើ កាលពីថ្ងៃទី០៥​ ខែមីនាឆ្នាំ២០២៣។

នាឱកាសនោះ លោក​ ជា​ សុផារ៉ា បានជំរុញដល់ក្រសួងស្ថាប័ន​ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាតសម្រាប់ប្រើប្រាស់​ ភ្លើងអគ្គិសនី​ជាដើម​ មកកាន់តំបន់នេះ​ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៉ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និងផ្ទះមាន ៨០០០ខ្នង។

កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែក​ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ​ប្រជាជនក្រីក្រ និង​ជនជាតិដើមភាគតិច​នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។

គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ២០០៨ មកឆ្នាំ២០២១ ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែក​ដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥លានដុល្លារ ដោយចែកដីសរុប ១៤ ១២៦ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥លានដុល្លារ និងថវិការដ្ឋ ១,៨លានដុល្លារ ដើម្បីកាត់ដីសរុប ១៧ ០៤២ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៥១៤១គ្រួសារ។

កាលពីឆ្នាំ២០២០ ធនាគារពិភពលោកបាន​អនុម័ត​ទឹកប្រាក់ ៩៣លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល ៦ឆ្នាំបន្តទៀត។ ជំហានទី៣ នេះ​ នឹងមានទ្រង់ទ្រាយធំជាងមុនគ្របដណ្ដប់លើសហគមន៍ចំនួន ៧១តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)