Register Already an agent ? Login

ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នឹងបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២៣ មានតម្លៃ ១,៦៣៨លានដុល្លារ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនទី២នៅកម្ពុជា ភ្នំពេញ-បាវិត មានប្រវែងប្រមាណ ១៣៨គីឡូម៉ែត្រ មានតម្លៃប្រមាណ ១,៦៣៨លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ខណៈ បច្ចុប្បន្នក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ កំពុងពន្លឿនសិក្សាផលប៉ះពាល់ ដើម្បីពន្លឿនទៅសម្រេចបើកការដ្ឋានតាមផែនការកំណត់។

នៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ បានថ្លែង ដោយអះអាងថាមិនមាន​ការពន្យារពេល​សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៣ នឹងបើកដំណើរការការដ្ឋានសាងសង់។

ដំបូងឡើយ ការបើកដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ក្រោយពេលដែល សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានទៅបំពេញទស្សនកិច្ចចំនួន ៣ថ្ងៃនៅប្រទេសចិន។ តែគម្រោងដែលត្រូវពន្យារពេលរហូតដល់ខែមិថុនាវិញនេះ គឺដោយសារតែភាគីចិនមានភាពយឺតយ៉ាវក្នុងការពិនិត្យសំណុំឯកសារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។

បើទោះជាត្រូវពន្យារពេលក្តី តែលោក ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះនឹងមិនលុបចោលជាដាច់ខាត មិនលុបចោលដ្បិតភាគីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាងសង់របស់ចិន បានបញ្ចប់ការចរចារួចជាស្រេច កាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានបន្តថា ក្រុមហ៊ុន China Communications Constructions Company (CCCC) បានសន្យាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថានឹងបើកការដ្ឋានសាងសង់ យ៉ាងយូរនៅពាក់កណ្តាលឆ្នាំនេះ ពោលគឺខែមិថុនា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ការ​សាង​សង់ នៅក្នុងឆ្នាំ២០២៧ ដើម្បីឱ្យស្របពេល​ជាមួយ​គម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

ម្យ៉ាងវិញទៀត ដោយសារតែក្រុមហ៊ុននេះ នឹងមានសាងសង់ផ្លូវត្រើយខាងកើត ប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ទើបប្រមុខរាជរដ្ឋាភិបាល សម្រេចនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែងប្រមាណ ៥គីឡូម៉ែត្រ មួយបន្ថែមទៀត ដោយថវិកាជាតិផ្ទាល់ តភ្ជាប់ជាមួយនឹងផ្លូវល្បឿនល្បឿន ដើម្បីឱ្យប្រជាជនអាចឆ្លងពីត្រើយខាងលិច ទៅល្វាឯមត្រើយខាងកើតបានងាយស្រួល និងពុំចាំបាច់​បង់​លុយ។

គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាមថែមទៀត។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ទើបតែសម្រេចបាននូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកាឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២ ជាឆ្នាំដែលរាជរដ្ឋាភិបាលកម្ពុជាកសាងបានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់តាំងពីផ្លូវជាតិ និងស្ពាន៕

ដោយ៖ ដោយ៖ មឿន ឌីណា (Moeun Dyna)