Register Already an agent ? Login

ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានទំហំទឹកប្រាក់ជាង ៦០០លានដុល្លារ កើន២៣% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា-​ម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ មានទំហំទឹកប្រាក់ចំនួន​សរុប ៦២០.៣៧៣​លាន​ដុល្លារ កើន ២៣,៣% ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ទឹកប្រាក់ ៥០៣.០០៤ លាន​ដុល្លារ​។ បើ​យោងតាម​របាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ​ម៉ាឡេស៊ី គឺជា​ទីផ្សារ​ធំ​ទី ១៦ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​។

ការនាំ​ទំនិញ​ពី​កម្ពុជា​ ទៅ​ម៉ាឡេស៊ី មាន​ទឹកប្រាក់ ១១១.៨៥៣​លាន​ដុល្លារ កើន ១០,៤% ​ពី​ចំនួន ១០១.៣១៨លាន​ដុល្លារ និង​ទំនិញ​នាំ​ពី​ម៉ាឡេស៊ី​ នាំមក​កម្ពុ​ជា មានចំនួន ៥០៨.៥២០​លាន​ដុល្លារ កើន ២៦,៦% ​ពី​ចំនួន ៤០១.៦៨៦ ​លាន​ដុល្លារ​។ បើតាមរបាយការណ៍ខាងលើ បានបន្តថា គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៣៩៦.៦៦៧​ លាន​ដុល្លារ​។​

សម្ទុះ​នៃ​ភាព​រីកចម្រើន​បានធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​តម្រូវការ​នាំចូល​ទំនិញ​ជាច្រើន​ពី​ម៉ាឡេស៊ី បច្ចុប្បន្ន ​ម៉ាឡេស៊ី គឺជា​មូលដ្ឋាន​ផលិតកម្ម​គ្រឿង​អេឡិចត្រូនិក បរិក្ខារ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​គ្រឿងសំណង់ យ៉ាង​សម្បូរបែប​ប្រចាំ​តំបន់​។ បើតាមការលើកឡើងរបស់ លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា។

 ភាពរឹងមាំ និង​អាយុកាល​ចំណាស់​នៃ​ខឿន​ឧស្សាហកម្ម និង​កសិកម្ម​នៅ​ម៉ាឡេស៊ី បានធ្វើឱ្យ​បរិមាណ​ទំនិញ​ផលិត​នៅ​ទីនោះ​មាន​ចំនួន​ច្រើន ព្រមទាំង​មាន​ថ្លៃដើម​ផលិត​ទាប​ជាង​កម្ពុជា​។​ បើតាមការលើកឡើងបន្តរបស់ លោក គី សេរី​វឌ្ឍន៍ បានបន្ថែមថា ទំនិញ​សក្តានុពល​ដែល​កម្ពុ​ជាមាន​សម្រាប់​ម៉ាឡេស៊ី គឺ​អង្ករ ជ័រកៅស៊ូ និង​ដូងប្រេង​។​

បើតាមភ្នំពេញប៉ុស្តិ៍ដែលបានស្រង់សំដី ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​លី​លី ហ្វ៊ូដអ៊ីន​ដាស​ទ្រី ខូ អិ​ល​ធី​ឌី លោកស្រី កែវ មុំ ថា ម៉ាឡេស៊ី​ជាទី​ផ្សារ​ធំ​មួយ​ក្នុង​តំបន់ដែល​កម្ពុជា​ត្រូវ​ខំ​ពង្រីក​បន្ថែមទៀត ព្រោះ​កម្ពុជា​នៅមាន​ផលិតផល​សក្តានុពល​ជាច្រើន​សម្រាប់​នាំចេញ​ទៅ​ទីនោះ ពិសេស​ផលិតផល​ក្នុង​វិស័យ​កសិកម្ម​។​

គូសបញ្ជាក់ថា តាមទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០២១ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ៤១ពាន់​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​របស់​វិនិយោគិន​ម៉ាឡេស៊ី ស្ថិតនៅ​ទី​៦ មាន​ទឹកប្រាក់ ១,៩​ពាន់​លាន​ដុល្លារ​ ស្មើ ៤,៦% ​នៃ​ចំណែក​ទីផ្សារ​សរុប​តាម​ពីក្រោយ​ប្រទេស​ចិន កូរ៉េ​ សិង្ហ​បុរី​ វៀតណាម​ និង​ជប៉ុន​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)