Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគ ១៨៦គម្រោង ទុនសរុបជាង ៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគចំមួន ១៨៦គម្រោង ដែលមានទុនសរុប ៤,០៣២លានដុល្លារ។ បើតាមរបាយការណ៍របស់ CDC បញ្ជាក់ថា ក្នុងនោះមានគម្រោងចំនួន១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥គម្រោង ក្នុងវិស័យទេសចរណ៍។

នៅក្នុងរបាយការណ៍ខាងលើ បានបន្តថា គម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៨៨% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៣៩% បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ ៥% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៥% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។

បើពិនិត្យជារួមការវិនិយោគឯកជននៅឆ្នាំ២០២២ មានការថយចុះបន្តិចបន្តួចធៀបនឹងឆ្នាំ២០២១ ប៉ុន្តែអត្រាថយចុះនេះ មានកម្រិតវិជ្ជមានជាងអត្រាថយចុះកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។ បើតាមលើកឡើងរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC។

ការថយចុះក្នុងឆ្នាំនេះ អាចចាត់ទុកថា ស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើយោងទៅលើរបាយការណ៍ឆ្នាំ២០២២ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលបានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២២ នឹងមានការថមថយយ៉ាងខ្លាំង ដោយសារកត្តាជាច្រើន ជាពិសេសគីសង្គ្រាមនៅអ៊ុយក្រែន ដែលបានបង្កើតនូវភាព មិនប្រាកដប្រជាខ្ពស់ដល់ទស្សនវិស័យសេដ្ឋកិច្ចសកល និងហានិភ័យកាន់តែច្រើនសម្រាប់វិនិយោគិន។ បើតាមការបន្តរបស់ សុខ ចិន្តាសោភា។

បើតាមរបាយការណ៍ដដែលបានបន្តឱ្យដឹងថា នៅឆ្នាំ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគនូវទឹកប្រាក់ ២, ១៥៩លានដុល្លារ ក្ដោបចំណែក ៥៣.៥៤% នៃទុនវិនិយោគសរុប ចំណែក ចិនឈរលើលេខរៀងទី២ មានទឹកប្រាក់ ១, ៦៩៤លានដុល្លារ ស្មើនឹង ៤២.០១%។ លំហូរទុនវិនិយោគក្នុងឆ្នាំ២០២២ ប្រមូលផ្ដុំតែមកពីក្នុងស្រុក និងមកពីប្រទេសចិន ដែលបានរួមចំណែកជិត ៩៦% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេស និងតំបន់ផ្សេងៗមានកម្រិតទាប។

ជាមួយគ្នានេះ គម្រោងវិនិយោគនៅតែប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងនៅខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសច្រើន គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ ពេលអនាគតនៅពេលផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ត្រូវបានអនុម័ត ដោយរាជរដ្ឋាភិបាល គម្រោងវិនិយោគជាច្រើនទៀតរំពឹងថា លេចចេញជារូបរាងនៅក្នុងខេត្ត «តារារះនាទិសនិរតី» មួយនេះ។

នៅក្នុងឆ្នាំ២០២២នេះ គម្រោងវិនិយោគដែលបានចុះបញ្ជី នៅតែមានភាពល្អប្រសើរ គឺជាសញ្ញាមួយបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានដំណើរការល្អប្រសើរឡើងវិញ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់គ្រងកូវីដ-១៩ បានជោគជ័យ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក បានគូសបញ្ជាក់ថា ផ្នែកឧស្សាហកម្ម មានការកើនឡើង គឺជាចំណុចមួយសំខាន់ ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ច មានភាពរឹងមាំ ល្អប្រសើរ ដែលមានធ្វើឱ្យការវិនិយោគ មានភាពរឹងមាំ ក្នុងឧស្សាហកម្មផ្សេងៗ មិនថា ធុនតូច មធ្យម ឬក៏ធុនធំ ឃើញថាចាប់ផ្ដើមដំណើរការជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា។

លោក លឹម ហេង បានលើកឡើងទៀតថា អ្វីដែលមានកំណើន នៅក្នុងផ្នែកវិស័យឧស្សាហកម្ម គឺដោយសារតែកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ ក៏ដូចជាអាសិប ជាពិសេសភាព អនុគ្រោះពន្ធ EBA និង GSP រវាងសហគមន៍អឺរ៉ុប និងអាមេរិក នៅតែបន្ដបាន ដូច្នេះការកើនឡើងផ្នែកវិស័យឧស្សាហកម្ម គឺជារឿងមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)