Register Already an agent ? Login

សេចក្តីព្រាងច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ថ្មីត្រៀមដាក់ឆ្លងស្ថាប័នជាតិពិនិត្យ និងអនុម័តនៅត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ថ្មី ត្រូវបាន​ពិនិត្យ​ និងឆ្លងការឯកភាព​ ក្នុងកម្រិតគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ និងត្រៀមសម្រាប់ការបន្តនីតិវិធី​ទៅ​ គណៈរដ្ឋមន្ត្រី​ រដ្ឋសភា​ និងព្រឹទ្ធសភា​ ដើម្បីឆ្លង​និងអនុម័ត នៅត្រីមាសទី១ ឆ្នាំ២០២៣។ បើតាមកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។

កិច្ចប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមកិច្ចដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ. នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក៏មានការចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.)ផងដែរ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានគោរពជម្រាបជូន សម្តេចក្រឡាហោម និងអង្គប្រជុំទាំងមូលឱ្យបានជ្រាបអំពីដំណើរដើមទង ដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។

លោក រដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនជាសង្ខេបអំពីរបាយការណ៍ការងារ របស់ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រជុំចំនួន ២៣លើក រហូតរៀបចំបានជាលទ្ធផល សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលដាក់ជូន សម្តេចក្រឡាហោម និងអង្គប្រជុំធ្វើការពិនិត្យ និងឆ្លងខ្លឹមសារនាពេលនេះ។

នៅក្នុងកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថាសេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗ។ សម្ដេច បានគូសបញ្ជាក់ថា «ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភា នៅត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ​ ដោយលោក ស៊ុន​ ចាន់ថុល​ នឹងត្រូវដើរតួនាទីសំខាន់ក្នុងការពារសេចក្តីព្រាងច្បាប់នេះ»។

សម្តេច បានលើកឡើងដោយសង្កត់ធ្ងន់ជាពិសេសលើមាត្រាច្បាប់ ដែលទាក់ទងនឹងការអនុវត្តលើការបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងការធ្វើតេស្តរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្ត និងបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយចំនួន ដែលតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ដោយរាប់បញ្ចូលទាំងអ្នកបើកបរម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោង រហូតដល់អ្នកបើកបរគ្រឿងចក្រធំៗ។

ការធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងជួញដូរសារធាតុញៀន ក៏ដូចជាដើម្បីកាត់បន្ថយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត ខណៈដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀនកំពុងតែជាកង្វល់យ៉ាងខ្លាំងនៅកម្ពុជា។ បើតាមការពន្យល់របស់ សម្ដេចក្រឡាហោម ស ខេង។

គូសបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ដោយរួមមានការបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ឱ្យបានច្បាស់លាស់ ការអនុវត្តរឹតបន្តឹងច្បាប់ឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការប្រកាសរបស់ គ.ស.ច.គ. ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍។

អង្គប្រជុំ មានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ពីសំណាក់សមាជិក សមាជិកា លើការកែសម្រួល ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។

សេចក្តីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា៖ ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)