Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងរក្សាកំណើន ៥,៤%ក្នុងឆ្នាំ២០២២ ទោះបីរងការប៉ះពាល់ដោយប្រយោលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងរក្សាកំណើន ៥,៤%ក្នុងឆ្នាំ២០២២ ទោះបីរងការប៉ះពាល់ដោយប្រយោលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ បើតាមកព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ នៃអគ្កនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា ការក្សាកំណើននេះ គឺដោយសារតែទីផ្សារធំៗរបស់កម្ពុជានៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតក្នុងស្រុកមានភាពល្អប្រសើរ។

រាជរដ្ឋាភិបាល បានបន្តអនុវត្តវិធានការអន្តរាគមន៍ដូចជា ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតក្នុងអំឡុងពេលព្យួរការងារជាដើម។ បើតាមការបន្តនៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣។

ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងវិញ តានរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងបន្តកើនឡើងនូវផលិតក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរដូចជា៖ កង់ ខ្សែភ្លើងនិងដង្គុំខ្សែភ្លើង, គ្រឿងដង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ បើតាមព្រឹត្តិបត្រស្ថិតិដដែល។

នៅត្រីមាសទី៣ ឆ្នាំ២០២២ ការប្រមូលចំណូលសរុបបានចំនួន ៥ ៧៨៨ប៊ីលានរៀល (ស្មើ២៦% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ៣៥,១% ក្នុងនោះ ចំណូលចរន្តសរុប ៥ ៧៧៤ប៊ីលានរៀល បានកើនឡើង ៣៥,៣% បើធៀបនឹងឆ្នាំ២០២១។ កំណើននេះ គាំទ្រដោយពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ ពន្ធលើទំនិញនិងសេវាកម្មប្រើប្រាស់ ​ពន្ធលើពាណិជ្ជកម្មអន្តរជាតិ និងចំណូលមិនមែនពន្ធ តាមរយៈការបន្តពង្រីកមូលដ្ឋានពន្ធ ការធ្វើទំនើបភាវូបនីយកម្ម ការអនុវត្តវិធានការកែទម្រង់ និងនិន្នាការងើបឡើងវិញនៃកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

រីឯ ចំណាយសរុបមានចំនួន ៥ ៧០៩,១ប៊ីលានរៀល (ស្មើនឹង១៨,៤% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានធ្លាល់ចុះ ១៤,៦% បើធៀបនឹងឆ្នាំ២០២១កន្លងទៅ ក្នុងនោះចំណាយចរន្តសរុប ៤ ១៦១,៨ប៊ីលានរៀល បានធ្លាក់ចុះ ៨,៩% និងចំណាយមូលធនបានធ្លាក់ចុះ ២៦,៩% ដោយសារធ្វើវិចារណកម្មចំណាយ ឈរលើគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម បន្តដោះស្រាយផលប៉ះពាល់នៃវិត្តិជំងឺកូវីដ-១៩។

បើតាមព្រឹត្តិបត្រស្ថិតិដដែល បានបន្ថែមថា នៅត្រីមាសទី៣ ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៥ ៦១៤,៦លានដុល្លារ បានកើន ៤,៨% និងការនាំចូលទំនិញមានទឹកប្រាក់សរុប ៧ ៨៩៩,៥លានដុល្លារ បានកើន ២២,៦% បើធៀបនឹងឆ្នាំ២០២១។ បើមិនរាប់បញ្ចូលមាស ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧,៧លានដុល្លារ បានកើន ៤,៣% ដែលបានគាំទ្រដោយការនាំចេញ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើងនិងដង្គុំខ្សែភ្លើង គ្រឿងដង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)