Register Already an agent ? Login

សេដ្ឋវិទូ៖ សេដ្ឋកិច្ចកម្ពុជា បានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញក្នុងរង្វង់ ៥ភាគរយ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ លោក Jinho Choi អនុប្រធានក្រុម ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) និងជាសេដ្ឋវិទូជាន់ខ្ពស់មួយរូប បានមកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងកម្រិត ៥.០% នៅឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះដល់ ៣.០%នៅឆ្នាំ២០២១។

សេដ្ឋកិច្ចកម្ពុជា មានភាពធន់និងងើបឡើងប្រសើរវិញ នៅឆ្នាំ២០២២នេះ។ បើតាមការបញ្ជាក់របស់ លោក Jinho Choi  បានបន្តថា ការពិភាក្សាបានផ្តោតលើទស្សនវិស័យសម្រាប់ការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាត និងលើកំណើនប្រកបដោយនិរន្តរភាព។

ស្របតាមយុទ្ធសាស្រ្តរស់នៅជាមួយកូវីដ-១៩ របស់កម្ពុជា យើងរំពឹងថាសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តប្រសើរឡើង ដែលគាំទ្រដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើនភាពស៊ាំនៅក្នុងសហគមន៍កាន់តែប្រសើរឡើង។ បើតាមការលើកឡើងរបស់ លោក Hoe Ee Khor ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO។

ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បានលើកឡើងបន្តថា ដោយអះអាងថា តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការនាំចេញរបស់កម្ពុជាជាពិសេសវិស័យកាត់ដេរ នឹងជួបបញ្ហាប្រឈម ដោយសារការនាំចេញទៅអាមេរិក និងអឺរ៉ុប ត្រូវបានរំពឹងថានឹងថយចុះនៅឆមាសទី២ ឆ្នាំ២០២២។

លោក Hoe Ee Khor បានលើកឡើងបន្តទៀតថា ការធ្លាក់ចុះនៃតម្រូវការពិភពលោក ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុនៅអាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជា ដោយសារការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ផ្តោតជាចម្បងទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប។ លោក បានបន្ថែមថា ជាមួយគ្នានេះ វិធានការរិតបន្តឹងរបស់ចិន ក៏អាចជះឥទ្ធិពលដល់ការវិនិយោគនៅកម្ពុជាផងដែរ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសារតែភ្ញៀវចិនឈរនៅលំដាប់ទី១។

ការកើនឡើងនៃថ្លៃផលិតផលថាមពល និងអាហារត្រូវបានគេរំពឹងថានឹងហក់ឡើងលើទំនិញផ្សេងទៀត ដោយដាក់សម្ពាធអតិផរណាកាន់តែខ្ពស់ជាងមុនដែលបានព្យាករណ៍ថានឹងកើនឡើងដល់ ៥.៩%នៅឆ្នាំ២០២២ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រ។ បើតាមការអះអាងបន្តរបស់ លោក Hoe Ee Khor បានបន្ថែមថា តែទោះជាយ៉ាងណាកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយមួយផ្នែកដល់ពួកគេក្នុងការចំណាយទៅលើម្ហូបអាហារ ដែលគួរឱ្យសរសើរ។

ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បានលើកឡើងបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំឥណទានឡើងវិញ គឺគួរឱ្យសរសើរ។ លោក ក៏បានផ្ដល់ជាគំនិតថា ធនាគារជាតិនៃកម្ពុជាគួរតែបន្តតាមដានគុណភាពនៃប្រាក់កម្ចីដែលបានរៀបចំឡើងវិញ ជាពិសេសសម្រាប់អ្នកដែលនៅតែស្ថិតក្រោមការវាយតម្លៃ។ ជាមួយគ្នា NBC គួរតែបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណា ក៏ដូចជាដើម្បីរក្សាទំនុកចិត្តវិនិយោគិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)