Register Already an agent ? Login

កម្ពុជា រកចំណូលបានជាង ៧៥០០លានដុល្លារ ពីវិស័យឧស្សាហកម្ម ៦ខែឆ្នាំ២០២២

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ ផលិតផលក្នុងវិស័យឧស្សាហកម្ម ដែលបានផលិតសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ ៧,៥៧៧លានដុល្លារ កើនឡើង ៣,២៥៤លានដុល្លារ ឬស្មើនឹង៧៥.២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ហេង សុគង់ បានថ្លែងបន្តថា ក្នុងនោះ ផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ២,៣១៥លានដុល្លារ និងផលិតផលនាំចេញមានចំនួនជាង ៥,២៦២លានដុល្លារ។

ផលិតភាពក្នុងវិស័យឧស្សាហកម្ម អាចនឹងចូលរួមចំណែកជិត៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ បើតាមការថ្លែងបន្តរបស់ លោក ហេង សុគង់ បានបន្តទៀតថា ការកើនឡើងនេះ ស្របពេលដែលការផលិតក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបញ្ចូលនូវបច្ចេកវិទ្យា នៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ កាបូប ផលិតផលធ្វើដំណើរ ស្បែកជើង ដែលធ្វើឱ្យផលិតភាពកាន់តែខ្ពស់ជាងមុន។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមថា បើទោះបីស្ថិតក្នុងដំណាក់កាល នៃរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ កម្ពុជានៅតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រមិនបារម្ភពីកង្វះវត្ថុធាតុដើម ការបិទទ្វាររោងចក្រ ក៏ដូចជាមិនបារម្ភពីការបញ្ជាទិញ ដែលធ្វើឱ្យមានរោងចក្រថ្មីៗជាង ១០០មកបណ្ដាក់ទុន បើកដំណើរការនៅកម្ពុជា នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២។

តាមការប្រមើលមើល នៅក្នុងឆ្នាំ២០២២ យើងអាចមានកំណើនពីវិស័យឧស្សាហកម្មចូលរួមក្នុង GDP របស់យើង ៣៩.៩០% ដែលនៅក្នុងឆ្នាំ២០២១កន្លងទៅ យើងមាន ៣៨.៧០% នៃ GDP។ បើតាមការលើកឡើងរបស់ លោក ហេង សុគង់ បានបន្ថែមទៀតថា បើនិយាយពីកំណើននេះ គឺយើងកើនជាបន្តបន្ទាប់ ហើយប្រៀបធៀបនឹងបណ្តាវិស័យផ្សេងៗ គឺកំណើនវិស័យឧស្សាហកម្ម បានកើនឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ មិនមែនមានន័យថា វិស័យកសិកម្មចុះទេ គឺកើនដែរ តែកើនក្នុងកម្រិតទាប តែវិស័យឧស្សាហកម្ម កើនឡើងក្នុងកម្រិតខ្ពស់។

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដែលបើកដំណើរការមានចំនួន ១,៩៤៧រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត កើនឡើងចំនួន ៤២៥រោងចក្រ ស្មើនឹង ២៧.៩២% បើធៀបទៅនឹងរយៈពេល ៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១,៥២២រោងចក្រ។ បើតាមការបន្តរបស់ លោក ហេង សុគង់ បានបន្តទៀតថា រោងចក្របើកដំណើរការថ្មី ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ១១២រោងចក្រ បានបង្កើតការងារសរុបចំនួន ៧៦,៦២៤នាក់ និងរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ៤៧រោងចក្រ និងធ្វើឱ្យបាត់បង់ការងារចំនួន ១៦,៨៣៨នាក់។

មន្រ្តីជាន់ខ្ពស់ដដែលនេះ បានលើកឡើងបន្ថែមទៀតថា ចំណែកកម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះមានស្រ្តីចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង ៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។ រីឯទុនវិនិយោគសរុបវិញ មានចំនួនជាង ១៥ ៧០៧លានដុល្លារ មានការកើនឡើងចំនួនជាង ៦ ២៩៧លានដុល្លារ ស្មើនឹង៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)