Register Already an agent ? Login

សួនរុក្ខជាតិអង្គរ មានទំហំផ្ទៃដីជាង ១៥ហិកតា ក្នុងក្រុងសៀមរាប បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

សៀមរាប៖ សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយ របស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីជាង ១៥ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក នៅក្នុងក្រុងសៀមរាប ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី១៩ ខែឧសភាឆ្នាំ២០២២។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអញ្ជើញចូលរួមក្នុងពិធីខាងលើបានមានប្រសាសន៍ថា សួនរុក្ខជាតិអង្គរស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះអាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។

លោក ស្រី បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និងស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរាអភិរក្សម្រាប់ឱ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានមានប្រសាសន៍បន្ថែមថា ម៉្យាងទៀត នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាការចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា បានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និងក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀតក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ និងចូលរួមថែរក្សា ការពារ និងអភិរក្សមរត៍កជាតិយើង។  

លោក ជា សុផារ៉ា បានមានប្រសាសន៍ថា ខ្ញុំសូមគាំទ្រ ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ លោក បានបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិ ដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

សួនរុក្ខជាតិអង្គរនេះ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ បានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ ប្រព័ន្ធដកដង្ហើមផងដែរ។ បើតាមការបន្តលោក ជា សុផារ៉ា បានបន្ថែមថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណៈ និងភ្ញៀវទេសចរផងដែរ។ 

លោក ជា សុផារ៉ា ក៏បានសំណូមពរឱ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើនិងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះឱ្យយកាន់តែមានទំហំធំ ព្រមទាំងរុក្ខជាតិសំបូរបែប ដោយបន្ថែមរុក្ខជាតិថែមទៀត

គូសបញ្ជាក់ថា សួនរុក្ខជាតិអង្គរ នឹងក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង ៥០០ប្រភេទ ដូចជា៖ ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ 

សួននេះ នៅខាងក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម។

ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដ៏ទាក់ទាញផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)