Register Already an agent ? Login

រាជរដ្ឋាភិបាល កាត់ដីតំបន់ភ្នំតាម៉ៅ ៨០០ហិកតា ឱ្យទៅក្រុមហ៊ុនឯកជន ទទួលមកវិញជាង ១ពាន់ហិកតានៅតំបន់ផ្សេង

តាកែវ៖ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍន៍ ដោយរាជរដ្ឋាភិបាល បានទទួលមកវិញនូវដី ១,១២២ហិកតា នៅតំបន់ផ្សេង។

បើតាមលិខិតខាងលើ បាន​ជម្រាប​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អភិបាល​ខេត្តតាកែវ​ថា រាជរដ្ឋាភិបាល ​បាន​សម្រេច​ជា​គោលការណ៍​ដោះ​ដូរ​ដី​ចំនួន​ពីរ​ទីតាំង​នៅ​តំបន់​ភ្នំ​តា​ម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែល​មាន​ទំហំ​សរុប ​៨០០ហិ​កតា ឱ្យទៅ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេ​ស មី​ល។ តាម​រយៈ​ការ​ដោះ​ដូរ​នេះ រាជរដ្ឋាភិបាល​ទទួល​បាន​ដី​ ១​,​១២២​ហិ​កតា ​ជា​ថ្នូរ​ត្រឡប់​មក​វិញ។

ទីតាំង​ដោះ​ដូរ​ទី​១ ​មាន​ទំហំ ​៣០០​ហិ​កតា គឺជា​ទីតាំង​ដី​ស្ថានីយ​ចិញ្ចឹម​គោ​ពូ​ភ្នំ​តា​ម៉ៅ​ដែល​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​។ សម្រាប់​ការ​ដោះ​ដូរ​ទីតាំង​ទី​១​នេះ រាជរដ្ឋាភិបាល​ទទួល​បាន​ដី ​៤០០​ហិ​កតា ដែល​ស្ថិត​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ដូច​ជា​អគារ​រដ្ឋបាល អគារ​ស្នាក់​នៅ ក្រោលគោ ឃ្លាំង​ចំណី​សត្វ ឃ្លាំង​សម្ភារ កន្លែង​សម្លាប់​មេរោគ អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ គ្រឿងសង្ហារិម ប៉ុស្តិ៍យាម រថយន្ត​ Van ១គ្រឿង រថយន្ត​ Pick Up ៥គ្រឿង ត្រាក់ទ័រ ៤គ្រឿង និងទោចក្រយានយន្ត ៥០គ្រឿង ។ល។

ចំណែក​ទីតាំង​ទី២ ដែល​មាន​ទំហំ ​៥០០​ហិ​កតា គឺជា​ទីតាំង​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ភ្នំ​តា​ម៉ៅ​។ ការប្រគល់តំបន់ដី ៥០០ហិកតានេះ ទៅឱ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី ២ន្លែង ដោយតំបន់ដី ១កន្លែង មានទំហំ ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី ១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា (៤៧២,៨០៩ហិកតា) ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ដី ​២៥០​ហិ​កតា​ នៅ​ខេត្តសៀមរាប រាជរដ្ឋាភិបាល​នឹង​បង្កើត​សួនសត្វ Safari Angkor ខណៈ ​ដី​នៅ​ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាល​នឹង​បង្កើត​សួន​ភូតគាម មណ្ឌលគិរី​។ បន្ថែម​លើ​ដី​ទាំង​ពីរ​ទីតាំង​នេះ រដ្ឋាភិបាល​ក៏​ទទួល​បាន​យានយន្ដ​រាប់​សិប​គ្រឿង​បន្ថែម​ទៀត​ផង​ដែរ​។

គូសបញ្ជាក់ថា លិខិតពីទីស្តីការគណៈរដ្ឋមន្រ្តីខាងលើ ពុំបានបញ្ជាក់ថា តំបន់ដីសរុប ១,១២២ហិកតា ដែលរដ្ឋាភិបាលទទួលបាននោះ គឺជាតំបន់ដីរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល នោះទេ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​អះអាង​ថា ការ​ដោះ​ដូរ​ដី​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ជាមួយខាងលើនេះ​មិន​បាន​ប៉ះ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ដែល​មាន​ទំហំ​ជាង ​៤០០​ហិ​កតា និង​មាន​របង​ព័ទ្ធ​ជុំវិញ​ជាង​ ៨​គីឡូម៉ែត្រ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លង​មក​នោះ​ទេ​។

លោក បានបញ្ជាក់ ការ​ដោះ​ដូរ​ផ្ទៃដី​តំបន់​ភ្នំ​តា​ម៉ៅ ជា​ការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​អភិវឌ្ឍ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​ផ្តល់​បន្ថែម​ទៀត​នូវ​ទុន​សម្រាប់​ការ​អភិវឌ្ឍគម្រោង​យុទ្ធសាស្ត្រ​នានា ជំរុញនិង​កែ​ល​ម្ផ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅឱ្យ​មានការ​ប្រកួតប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ព្រមទាំង​ជំរុញ​កំណើន​ចំណូល​ធានា​និរន្តរភាព​ផង​ដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)