Register Already an agent ? Login

កម្ពុជា នឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ១៨% រួមចំណែកកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណជិត៤%

ភ្នំពេញ៖ តាមការសិក្សារួមគ្នារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជា អាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី ២% ទៅ ៣.៨% កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ ៣.២% ទៅ ៦.២% និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងអាសិប បានថ្លែងថា ក្រោមការដឹកនាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចាបើកទីផ្សារបន្ថែមតាមយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោក បានថ្លែងបន្តថា ជាក់ស្តែង កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយបានសហការយ៉ាង ជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងជាមួយវិស័យឯកជន តាមរយៈការពិគ្រោះយោបល់ និងប្រមូលធាតុចូលព្រមទាំងការរៀបចំនូវវេទិកាផ្សេងៗទៀត ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការទីផ្សារ សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជន។

នៅក្នុងសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូចនិងមធ្យមកម្ពុជា» ដែលធ្វើឡើកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក ស៊ីម សុខខេង បានថ្លែងបញ្ជាក់ថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងចូលរួមអនុវត្តនូវសេដ្ឋកិច្ចជាតិ។ ជាពិសេសនៅពេលដែលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»។

លោក បានថ្លែងបន្តទៀតថា លើសពីនេះ កិច្ចព្រមព្រៀងអាសិប ក៏ជាសញ្ញាមួយបង្ហាញពីការគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយមរបស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

បើតាម រដ្ឋលេខាធិការដដែល បានថ្លែងបន្ថែមថា សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសវិស័យកសិ-ម្ហូបអាហារកម្ពុជា អំពីសារៈសំខាន់កាលានុវត្តភាព និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តួយ៉ាងដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានជាអតិបរមា។

លោក Andreas Zurbrugg អនុប្រធានស្ថានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា វិស័យកសិកម្មជាវិស័យមួយដែលរងការប៉ះពាល់តិចពីវិបត្តិជំងឺកូវីដ-១៩ និងមានសារៈសំខាន់ខ្លាំងក្នុងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងចាំបាច់ត្រូវការការពង្រឹងបន្ថែម។ លោក បានបន្តថា ជាពិសេស វិស័យកសិ-ម្ហូបអាហារកម្ពុជា ដែលទាមទារឱ្យវិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ត្រូវយល់ច្បាស់អំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក៏ដូចជាវិធីក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅក្នុងប្រតិបត្តិការពាណិជ្ជកម្មប្រចាំថ្ងៃឱ្យបានជាអតិបរមា។

លោក បានបន្តថា រដ្ឋាភិបាលអូស្រ្តាលី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលីបន្ថែមទៀត តួយ៉ាងដូចជា៖ គំនិតផ្តួចផ្តើមក្នុងការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ជាដើម។

គូសបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិបមានសមាជិកចំនួន ១៥រួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដោយបង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក មានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក។

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានប្រើប្រាស់កិច្ចព្រមព្រៀងអាសិប ដោយក្រសួងពាណិជ្ជកម្មបានចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដល់ក្រុមហ៊ុននាំចេញស្បែកជើងទៅកាន់ទីផ្សារនៃប្រទេសអាសិប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)