Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ គម្រោងស្ដារផ្លូវទឹកពីខេត្តកណ្ដាល ដល់ខេត្តកែបប្រវែង ១៦៨គ.ម នឹងត្រូវសិក្សាបន្ថែមពីផលប៉ះពាល់

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងដឹកជញ្ជូន សិក្សាបន្តលំអិតបន្ថែមទៀតពីផលប៉ះពាល់ ពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិលខេត្តកណ្ដាល ទៅខេត្តតាកែវ កំពត និងកែប មានចម្ងាយប្រមាណ ១៦៨គីឡូម៉ែត្រ ដោយសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវប្រើប្រាស់ថវិកាអស់បុន្មាន និងផលប៉ះពាល់អ្វីខ្លះ ក្នុងនោះតើត្រូវដូរ ស្ពាន ដូរផ្លូវរទេះភ្លើង និងផ្សេងៗទៀត។

នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា តាមការសិក្សាដំបូង កាស្ដារផ្លូវទឹកពីខេត្តកណ្ដាលទៅ ដល់ខេត្តកែបប្រមាណ ១៦៨គីឡូម៉ែត្រ បានសិក្សាពីផលប៉ះពាល់ កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ នៃគណៈកម្មាធិការទន្លេមេគង្គ បើមាននោះនឹងមានការលំបាក។

លោក បានបញ្ជាក់ថា «ក្រោយពីចុះសិក្សា ដើរ ជិះម៉ូតូ ជិះទូក ឃើញថាយើងមានលទ្ធភាព ក្នុងការស្ដារព្រែក អូរ ស្ទឹង ប្រព័ន្ធធារសាស្រ្ត ដោយជីកបន្ថែម ៧គីឡូម៉ែត្រ ដើម្បីធ្លាយទៅដល់ខេត្តកែប នេះបើតាមការសិក្សាដំបូងបំផុត គឺអាចធ្វើបាន»។

លោក រដ្ឋមន្រ្តី បានថ្លែងបន្ថែម បើតាមការសិក្សាបានបញ្ជាក់ថា បើយើងវាស់ពីព្រែកអំបិលទៅដល់កែបប្រមាណ ១៦៨គីឡូម៉ែត្រ ក្នុងនេះ ១១៥គីឡូម៉ែត្រ ផ្លូវទឹកអាចធ្វើដំណើរបាននៅរដូវប្រាំងនិងវស្សា និងកន្លែងខ្លះត្រូវស្ដារបន្តិច ហើយ២៨% ជាប្រព័ន្ធធារាសាស្រ្ត ដូច្នេះយើងត្រូវការតែពី ៥ទៅ ៧គីឡូម៉ែត្រ ទៅដល់ខាងចុង នឹងដល់ទឹកសមុទ្រ។

ថ្លែងប្រាក់ក្រុមអ្នកសារព័ត៌មាន លោក រដ្ឋមន្ត្រីបាន បញ្ជាក់ទៀតថា គម្រោងនីមួយៗត្រូវពិនិត្យឱ្យបានល្អិតល្អន់ ក្នុងការចំណេញដល់សេដ្ឋកិច្ចជាតិ ជាមួយគ្នាដៃគូអភិវឌ្ឍន៍ ក៍មើលទៅលើផលចំណេញរបស់ជាតិផងដែរទើបគេជួយ ហើយមានផលប៉ះពាល់ដល់បរិស្ថានឬទេ។

លោក បានរម្លឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ខ្ញុំបានប្រជុំពិភាក្សាជាមួយក្រុមហ៊ុនបរទេសដែលមានជំនាញច្បាស់លាស់ក្នុងការស្ដារ ព្រែក ទន្លេ ការធ្វើកំពង់ផែ។ ក្រុមការងារក្រុមហ៊ុនជំនាញនេះ នឹងចុះមកសិក្សាជាក្រសួងសាធារណការ និងដឹកបជញ្ជូន ដើម្បីឈានទៅរការពិនិត្យមើលថា តើការសិក្សានេះបានឫមិនបាន។ លោក បញ្ជាក់ទៀតថា បើសិក្សាចប់សព្វគ្រប់ នឹងដាក់របាយការណ៍ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធដើម្បីជួយត្រួតពិនិត្យ ពីផលប៉ះពាល់អ្វីខ្លះ តើធ្វើបានឫមិនបានពីការស្ដារនេះ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀតនេះគឺ ជាជំហានដ៏ធំមួយដែលជួយបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភស្តុភារកម្មរបស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ។

គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ បើតាមការបញ្ជាក់ របស់ លោក ស៊ុន ចាន់ថុល។

លោក បាន គូសបញ្ជាក់ទៀតថា គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជានិរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)