Register Already an agent ? Login

កម្ពុជា-ឥណ្ឌាចុះ MoU លើគម្រោងកម្ពស់អេកូទេសចរណ៍នៅខេត្តកំពង់ធំ និងគម្រោងបង្កើត App ផ្សព្វផ្សាយពីសក្ដានុពល

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនេះ នៅថ្ងៃទី១​ ខែមេសា ​ឆ្នាំ២០២២ ដែលមាន ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

​គម្រោង​ស្តីពី​អេកូទេសចរណ៍​ផាត់​សណ្ដាយ នឹង​ពង្រឹង​ការរស់រាន​របស់​សហគមន៍​អេកូទេសចរណ៍​ផាត់​សណ្ដាយ​។ បើតាមសេចក្តីប្រកាស​ព័ត៌មាន ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជាបានបន្តថា គម្រោងនេះ ​នឹង​លើកទឹកចិត្ត​សហគមន៍​មូលដ្ឋាន​កុំឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់ ដូចជា​ការនេសាទ​នៅ​តំបន់​ហាមឃាត់ និង​ការកាប់បំផ្លាញ​ព្រៃឈើ​។

ស្ថានទូតឥណ្ឌាបានបន្តថា គម្រោង​នេះ ​ក៏​នឹង​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​កម្លាំង​ការងារ​ផងដែរ ហើយ​គម្រោង​ស្ដីពី​អភិវឌ្ឍន៍​កម្មវិធី​ទូរសព្ទ​មាន​គោលបំណង​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ​ចល័ត​ជា​កម្លាំង​ជំរុញ​មួយ ដែល​នឹង​ក្លាយជា​វេទិកា​រួមមួយ​ក្នុង​ការលើកកម្ពស់​ទេសចរណ៍ និង​សហគមន៍​អេកូទេសចរណ៍​ទូទាំង​ប្រទេស​។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ការអនុវត្តគម្រោងទាំង២នេះ គឺមានរយៈពេល១ឆ្នាំ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលរដ្ឋឥណ្ឌា ក្នុងក្របខណ្ឌគម្រោងដែលមានឥទ្ធិពលលឿន ឬហៅថា Quick Impact Project (QIP) ដែលមានកិច្ចសហការជាមួយក្រសួងទេសចរណ៍។ លោក បញ្ជាក់ចំពោះទឹកប្រាក់សម្រាប់អនុវត្តគម្រោងនីមួយៗនេះ គឺមានប្រមាណ ៥ម៉ឺនដុល្លារ ក្នុង១គម្រោង។

លោក ជុក ជំនោរ បានពន្យល់អំពីគម្រោងទី១ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺស្ថានទូតឥណ្ឌាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចូលទៅក្នុងសហគមន៍ផាត់សណ្ដាយ ព្រមទាំងជួយរៀបចំឱ្យមាន «ផ្សារបណ្ដែតទឹក» ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះ ហើយដែលនឹងផ្ដល់ផលប្រយោជន៍លឿនដល់ប្រជាសហគមន៍។

លោក បានបន្តថា ចំពោះគម្រោងទី២ គឺគម្រោងអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ លោក បានពន្យល់ឱ្យដឹងថា Mobile App នេះគឺផ្ដោតសំខាន់លើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលវានឹងជួយផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ហើយភ្ញៀវទេសចរក៏អាចកក់កញ្ចប់ទស្សនកិច្ច ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ឬទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន ឬវិស័យឯកជនដែលលក់កញ្ចប់ទស្សនកិច្ចទៅកាន់ទៅសហគមន៍ទាំងនោះបានផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹងថា គម្រោង​នេះគឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ការជួយ​សម្រួល​ការមកដល់​នៃ​ភ្ញៀវទេសចរ​នៅ​កម្ពុជា​។ លោក បានបន្តថា សម្រាប់​ការចាប់ផ្តើម​ប្រតិបត្តិការ​ជើង​ហោះហើរ​លក្ខណៈ​ជួល​ (Charter Flight) រវាង​ប្រទេស​ទាំង​២ ក្រសួង​ទេសចរណ៍​នឹង​គាំទ្រ​ជា​ចាំបាច់​។ លោក ​បាន​ជំរុញឱ្យមាន​ភ្ញៀវទេសចរ​ឥណ្ឌា​មក​កម្ពុជា​កាន់តែ​ច្រើន​។

លោក​ ថោង ខុន ​ក៏បាន​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការរៀបចំ​ឱ្យមាន​ដំណើរការ​នៃ​អរិយធម៌​ឡើងវិញ ដោយ​បញ្ជាក់ថា គម្រោង​ទាំងនេះ​នឹង​នាំឱ្យមាន​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោកស្រី Devyani Khobragade បានថ្លែងថា គម្រោង​ទាំង២នេះ​ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ឥណ្ឌា និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ គម្រោង​ទាំងនេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។ លោកស្រីបានបញ្ជាក់ថា​ ​គម្រោង​ទាំង២នេះ ​នឹង​នាំទៅដល់​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជារួម និង​សុឆន្ទៈ​រវាង​ប្រជាជន​ឥណ្ឌា និង​កម្ពុជា​។ ប្រទេស​ទាំង​២ ចាំបាច់​ត្រូវតែ​ធ្វើការ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ឱ្យបាន​។

លោកស្រី​បានបន្ថែមថា ភាគី​ទាំងសងខាង​គួរតែ​ខិតខំ ដើម្បី​ចាប់ផ្តើម​ជើងហោះហើរ​លក្ខណៈ​ជួល ដែល​អាច​គ្របដណ្តប់​តំបន់​ទេសចរណ៍​ព្រះពុទ្ធសាសនា​នៅ​ឥណ្ឌា និង​ខេត្តសៀមរាប​នៅ​កម្ពុជា​។ ទាក់ទិន​នឹង​ដំណើរ​នៃ​អរិយធម៌​នេះ លោកស្រី​បានស្នើ​ដល់ ​លោក​ ថោង​ ខុន ​ជួយ​ចែករំលែក​បន្ថែមទៀត​មុននឹង​ទទួលយក​សំណើ​នេះ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)