Register Already an agent ? Login

សម្ដេចតេជោ ប្រកាសសមិទ្ធផលដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបប្រសិទ្ធនាមថា «តារារះនាទិសឧត្តរ»

សៀមរាប៖ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៤​ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាប ត្រូវប្រសិទ្ធនាមថា «ជាតារារះនាទិសឧត្តរ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខ្ញុំពិតជារីករាយដែលបានមកសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនាពេលនេះ និងការកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវទាំង៣៨ខ្សែនេះ ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។

សម្តេចតេ ជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ផ្លូវទាំង ៣៨ខ្សែ គឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ ខ្ញុំពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា «ជាតារារះនាទិសឧត្តរ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពលរដ្ឋខ្លះបានរងប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រចាកចេញពីកន្លងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។

កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល បានប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរថាជា៖ «តារារះនៅទិសឧត្តរ»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា ខ្ញុំពិតជារីករាយដែលបានមកពិនិត្យពីវឌ្ឍនភាពនៃសំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្ន យើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ ខ្ញុំសូមប្រកាសថា «តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភីបាល បានបន្តថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា គម្រោងការសាងសង់អាកាសយានដ្ឋាននេះ ក៏បានផ្ដល់ការងារធ្វើដល់កូនខ្មែរជាច្រើននាក់ អាចទទួលបាននូវប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេទៀតផង។

សម្ដេចតេជោ នាយរដ្ឋមន្ត្រី បានលើកឡើងថា សូមកុំឱ្យមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។ អាកាសយានដ្ឋាននេះ នឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។ ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាននៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។

បើតាមដំណើរទស្សនកិច្ចរបស់ រាជរដ្ឋាភិបាល បានឱ្យដឹងថា គិតត្រឹមចុងខែមីនា ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ វឌ្ឍនភាពការងារសម្រេចបានចំនួន ២៦.៧%ហើយ ក្នុងនោះ ៖កំណាត់ផ្លូវចាប់ពីអាកាសយានដ្ឋានមកដល់ផ្លូវជាតិលេខ៦៤ អ៊ុតកៅស៊ូបានប្រវែង ៧.៦៥គីឡូម៉ែត្រ និងកំណាត់ផ្លូវចាប់ពីផ្លូវជាតិលេខ៦៤ មកដល់ផ្លូវជាតិលេខ៦ ការងារឈូសឆាយសម្អាតបានប្រវែង ៨គីឡូម៉ែត្រ លើប្រវែងសរុប ១៦.៥គីឡូម៉ែត្រ និងការងារកាយដីគ្មានគុណភាពបានប្រវែង ៣០០ម៉ែត្រ។

ដោយឡែក គម្រោងសាងសង់ផ្លូវហាយវ៉េ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ២៩៤ មានប្រវែងសរុប ២៤.១៣៣គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ទី១ សាងសង់ជា ៤គន្លង មានទទឹងផ្លូវ ២៣.៥ម៉ែត្រ និងកំណាត់ទី២ សាងសង់ជាពីរគន្លងមានទទឹងផ្លូវ ១២.៥ម៉ែត្រ។ ស្ពានរំលងចំនួន ២កន្លែង នឹងត្រូវសាងសង់ក្នុងគម្រោងនេះ។

គម្រោងផ្លូវហាយវ៉េនេះមានដាក់បញ្ជរបងប្រាក់តែ ១កន្លែងប៉ុណ្ណោះ ស្ថិតនៅចម្ងាយ ៣៧៣ម៉ែត្រ ពីអាកាសយានដ្ឋាន ដែលត្រូវបង់ថ្លៃសម្រាប់តែយានជំនិះចេញ-ចូលអាកាសយានដ្ឋាន ចំពោះកំណាត់ផ្លូវដែលនៅសល់ ចាប់ពីបញ្ជរបង់ប្រាក់ រហូតដល់ចុងផ្លូវ ក្រុមហ៊ុនសាងសង់អនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ដោយឥតគិតថ្លៃ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ។ តាមគម្រោងអាកាសយានដ្ឋាននេះ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)