Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ៣៧គម្រោង ប្រមាណ ២,៤ពាន់លានដុល្លារ រយៈពេល២ខែដើមឆ្នាំ២០២២

ភ្នំពេញ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៣៧គម្រោង ដែលមាន​ទឹកប្រាក់​ប្រមាណ ២, ៤០០លាន​ដុល្លារ ​នៅក្នុង​រយៈពេល ២​ខែ​ ចាប់ពីខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ​២០២២ ភាគច្រើន​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​វេចខ្ចប់​ផ្លែឈើ​ គម្រោង​ផលិត​សម្បក​កង់​យានយន្ត និង​គម្រោង​មួយចំនួនទៀត​។ បើតាមរបាការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)។

 គម្រោង ​ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើប​អនុម័ត​ថ្មីៗ​នេះ​ភាគច្រើន​នៅតែ​ជា​គម្រោង​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​។ បើតាមការថ្លែងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្តឱ្យដឹងថា ​អ្វីដែល​គួរឱ្យ​មោទនភាព​នោះ​គឺ គម្រោង​វិនិយោគ​ទាំងនោះ ភាគច្រើន​មិនមែន​ក្នុង​វិស័យ​កាត់ដេរ ដោយ​ភាគច្រើន​ក្នុង​អនុវិស័យដូចជា៖ គម្រោង​ផលិត​សម្បក​កង់​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម ដែលជា​ឧស្សាហកម្ម​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បាន​នឹងនរ ប្រសើរ​ជាង​វិស័យ​កាត់ដេរ​។

នៅក្នុង​ឆ្នាំ​២០២២ ​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​ពង្រីក​ទំនាក់ទំនង​ច្រើន​ជាមួយ​បរទេស ដោយ​ថ្មីៗ​នេះ​សភាពាណិជ្ជកម្ម​តួកគី ក៏ដូចជា​ពាណិជ្ជករ​តួកគី សន្យាថា​នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ដើម្បី​អនុវត្តនិង​សិក្សា​គម្រោង​វិនិយោគ​នៅ​កម្ពុជា​។ បើតាមការលើកឡើងបន្តរបស់ លោក ​លឹម ហេង បានបន្តទៀតថា សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​បញ្ហា​ឱ្យ​វិស័យ​ឯកជន​បាន​ច្រើន​នៅក្នុង​រយៈពេល​ចុងក្រោយ ដោយ​កត្តា​នេះ​បានផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ថែមទៀត​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ​បានមានប្រសាសន៍ថា ការខិតខំ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការសហការ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​វិស័យ​ឯកជន​ក្នុងស្រុក​ក្នុង​ការកៀរគរ​វិនិយោគ​ពី​ក្រៅប្រទេស​បាន​ជំរុញ​ឱ្យមាន​គម្រោង​វិនិយោគ​ថ្មី​។

លោក ហុង វណ្ណៈ ​បានបន្តថា ​ដូច​យើង​ដឹង​ហើយ​ថា កម្ពុជា​ក៏​នៅតែ​ទទួលបាន EBA ពី​សហភាព​អឺរ៉ុប ហើយក៏​នៅតែ​ទទួលបាន ​GSP ពី​អាមេរិក​នៅ​ឡើយ ដែល​នេះ​ក៏​ជា​លក្ខខណ្ឌ​មួយ ដែល​ធ្វើឱ្យ​វិនិយោគ​នានា នៅ​មាន​ក្តីសង្ឃឹម​ក្នុងការ​ផលិត​នូវ​ផលិតផល​របស់ខ្លួន​សំដៅ​ធ្វើ​ការនាំចេញ​ទៅ​លក់​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក​​។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)