Register Already an agent ? Login

លោក អ៊ិត សំហេង៖ ស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ន ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែងនិងការបង្កើតការងារ។ បើតាមការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានបន្តឱ្យដឹងថា នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ ៦១% ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។

ការថ្លែងខាងលើរបស់ លោក អ៊ិត សំហេង នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» រៀបចំធ្វើឡើងតាម ZOOM នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា ចំណុចសក្តានុពលក្នុងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព គឺការគិតគូរនិងធានាថានៅក្នុងមធ្យោបាយនិងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិននិងអាជីវករជាស្រ្តីមានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ឧស្សាហកម្មទី៤។

ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បើតាមការថ្លែងបន្ថែមរបស់ លោក អ៊ិត សំហេង។

លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ នានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា «សាច់ប្រាក់ពលកម្ម»  ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារកម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)