Register Already an agent ? Login

WB ផ្ដល់ហិរញ្ញប្បទាន ៦០លានដុល្លារ ដល់កម្ពុជា ធ្វើទីលានគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកក្នុងខេត្តចំនួន៥

ភ្នំពេញ៖ ​ធនាគារ​ពិភពលោក​ (WB) ផ្ដល់ហិរញ្ញប្បទាន ៦០​លាន​ដុល្លារ ដល់កម្ពុជា ដើម្បីធ្វើទីលានគ្រប់គ្រង​សំរាម សំណល់​រឹងនិង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​និង​ស្រុក ក្នុង​ខេត្ត​ចំនួន​៥ រួមមាន៖ ខេត្តសៀមរាប (​ក្រុង​សៀមរាប​) ខេត្តកណ្តាល (​ក្រុង​តាខ្មៅ​) ខេត្ត​កំពង់ស្ពឺ (​ក្រុង​ច្បារមន​) ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះសីហនុ​។ បើតាមក្រសួងមហាផ្ទៃ។

គម្រោងធ្វើទីលានគ្រប់គ្រងសំរាមនេះ ដែលមានអន្តរក្រសួង រួមនឹងWB កំពុងសិក្សារួមគ្នាលើគម្រោងនេះ ​​ចាប់តាំងពី​ចុងឆ្នាំ​២០១៩ ប៉ុន្តែដោយសារ​ជំងឺ​កូវីដ​-១៩ បានធ្វើ​ឱ្យមាន​ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្ត​។ នេះតាមការបន្តរបស់ក្រសួងមហាផ្ទៃ បានបន្តទៀតថា គម្រោង​នេះ​អនុវត្ត​ដោយ​អន្តរក្រសួង​រួមមាន៖ ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​បរិស្ថាន និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ WB ដែលមានរយៈពេល ៦ឆ្នាំ។

ក្រោយពីបញ្ចប់ការសិក្សាគម្រោង នឹងដាក់ឱ្យអនុវត្ត ​ក្រុងនិង​ស្រុក​នៅក្នុង​ខេត្ត​គោលដៅ​ទាំងខេត្តទាំង៥ ​មាន​ទីលាន​ចាក់សំរាម​ត្រឹមត្រូវ និង​ស្តង់ដារ​បច្ចេកទេស​ខ្ពស់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព​សាធារណៈ​កាន់តែ​ល្អប្រសើរ ជាពិសេស​អាច​កែច្នៃ​សំរាម​នោះ​ទៅជា​ជីកំប៉ុស​ និង​មាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ និង​ដោយ​ធ្វើការ​ញែក​ប្រភេទ​សំរាម​ចេញពី​គ្នា​។ បើតមការបន្តរបស់ក្រសួងមហាផ្ទៃ។

អន្តរក្រសួង​ បាន​សហការ​ជាមួយ​ក្រុម​ការងារ WB ​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន ជាច្រើនលើក និង​បាន​ចូលរួម​ពិនិត្យ​ផ្តល់យោបល់​លើ​របាយការណ៍​សិក្សា និង​ឯកសារ​រៀបចំ​គម្រោង​មួយចំនួន​រួមមាន៖

១-ឯកសារ​ក្របខ័ណ្ឌ​គ្រប់គ្រង​បរិស្ថាន និង​សង្គម ២-​របាយការណ៍​ស្ដីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​​សង្គម​បឋម សម្រាប់​ជម្រើស​សាងសង់​ទីលាន​ទុកដាក់​សំរាម​ខេត្តសៀមរាប ៣- ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការតាំង​ទីលំនៅ​ថ្មី ៤-​ ឯកសារ​ក្របខ័ណ្ឌ​ផែនការ​ជនជាតិដើម​ភាគតិច និង​ ៥-ឯកសារ​គោលនយោបាយ​គ្រប់គ្រង​ការងារ​។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ក្នុង​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ និង​ការអភិវឌ្ឍ​ទីប្រជុំជន ប្រកបដោយ​សោភណភាព ចីរភាព និង​សុខុមាលភាព​។ ក្នុងនោះ​រាជរដ្ឋាភិបាល​ បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ក្រុង-ស្រុក​រៀបចំ​ទីលាន​ផ្ទាល់ ឬ​ទីលាន​តំបន់​ដែល​អាច​គ្រប់គ្រង​សំរាម​មាន​ប្រសិទ្ធភាព និង​អាច​ទាញ​ធនធាន ដើម្បី​ចូលរួម​បង្កើន​សេដ្ឋកិច្ចជាតិ​។

រាជរដ្ឋាភិបាល ក៏​បាន​បង្កើត​សហគ្រាស​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាម​សំណល់​រឹង​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០២០ ដែលមាន​បេសកកម្ម​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាមសំណល់​រឹង​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)