Register Already an agent ? Login

ក្រុមហ៊ុនជប៉ុន កំពុងសិក្សាគម្រោងវិនិយោគលំនៅឋានតម្លៃសមរម្យចំនួន ២០០០ខ្នង នៅខេត្តសៀមរាប

សៀមរាប៖ ក្រុមហ៊ុនជប៉ុន UR Linkage Co Ltd កំពុងសិក្សាគម្រោងលំនៅឋានតម្លៃសមរម្យស្ដង់ដារជប៉ុនសរុប ២០០០ខ្នង នៅក្នុងខេត្តសៀមរាប។ បើតាមវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នោក្នុងវេទិការខាងលើ លោក Yoshimura Hiroyuki តំណាងក្រុមហ៊ុន UR Linkage Co Ltd របស់ប្រទេសជប៉ុន បានឱ្យដឹងថា គម្រោងនេះ បែងចែកជា ៣ដំណាក់កាល ក្រោមផែនការ៥ឆ្នាំ។

លោក Yoshimura Hiroyuki បានថ្លែងបន្តឱ្យដឹងថា ដំណាក់កាលទី១ មានលំនៅដ្ឋានចំនួន ៧០០យូនីត ដំណាក់កាលទី២ ៨០០យូនីត និងដំណាក់កាលទី៣ ៥០០យូនីត។

លោក បានថ្លែងបញ្ជាក់ថា គ្រប់ដំណាក់កាលនឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ទិសដៅដើម្បីផ្ដល់នូវសហគមគ្រប់ជ្រុងជ្រោយ និងស្រួលរស់នៅដល់ប្រជាពលរដ្ឋខ្មែរ។

តំណាងក្រុមហ៊ុនខាងលើ បានបន្ថែមថា គម្រោងនេះមានឈ្មោះថា Sakura Angkor បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ក្រោមយោបល់ពីលោក ប៉ែន សុផល រដ្ឋលេខាធីការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក Yoshimura Hiroyuki បានថ្លែងបន្ថែមថា តាមផែនការ លំនៅឋានក្នុងគម្រោងនឹងលក់ក្នុងតម្លៃពី ៦ម៉ឺនទៅ ៧ម៉ឺនដុល្លារ ក្នុង១ខ្នង ដើម្បីបើកឱកាសឱ្យប្រជាជនមានចំណូលមធ្យមអាចមានលទ្ឋភាពទិញបាន។

សូមរម្លឹកថា វេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិវឌ្ឍទីផ្សារការងារ លើកស្ទួយសហគ្រាសធុនតូច-មធ្យម លើកកម្ពស់ប្រសិទ្ធភាពធុរកិច្ច ពង្រីកភាពជាដៃគូរវាងវិស័យរដ្ឋនិងវិស័យឯកជន និងពង្រឹងការប្រកួតប្រជែងក្នុងបរិការណ៍នៃ «បដិវត្តន៍ឧស្សាហកម្មទី៤»។

លោក ជា សុផារ៉ា បានថ្លែងបន្តថា ជាផ្លែផ្កានៃនគរូបនីយកម្ម និងការអភិវឌ្ឍអចលនទ្រព្យនិងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ២០ឆ្នាំ (២០០០-២០២០) មានប្រមាណ ៦០,៨៧២លានដុល្លារ។

លោក បានបន្តទៀតថា ក្នុងខែមករាឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៤គម្រោង ដែលមានទំហំទឹកប្រាក់ចំនួន ២,៧៩ពាន់លានដុល្លារ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ ស្មើនឹង ៣៤០លានដុល្លារ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)