Register Already an agent ? Login

សម្ដេច តេជោ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង នៅខេត្តក្រចេះ និងព្រៃវែង ប្រវែងសរុប ៦៧០ម៉ែត្រ ជំនួយឥតសំណងជប៉ុន ៣៥លានដុល្លារ

ក្រចេះ-ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប​ ៣,៤២៤ម៉ែត្រ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ស្ពានដែលបានសាងសង់នេះ រួមមាន៖ ស្ពានចំនួន ៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។

លោក ស៊ុន ចាន់ថុល បានបន្តថា ស្ពានចំនួន ២កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។

លោក រដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ការសាងសង់ឡើងវិញនូវស្ពានទាំង ៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។

បច្ចុប្បន្នស្ពានទាំង ៧កន្លែងនេះបានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរគឺ ផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។ បើតាមការបញ្ជាក់បន្តរបស់ លោក ស៊ុន ចាន់ថុល។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ឥណទានសម្បទានហិរញ្ញប្បទានឥតសំណង សម្រាប់ជួយដល់កម្ពុជាទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានដូចជា៖ ការកសាង និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងកំពង់ផែ ការផ្តល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព ការរៀបចំផែនការមេ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាឱ្យកាន់តែថយចុះបន្ថែមទៀត។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង ៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់៤រយលានដុល្លារ។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីសារសំខាន់នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ប្រៀបប្រដូចទៅនឹងក្បាលរទេះភ្លើងនៃកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះផ្លូវ-ស្ពាន ជាសរសៃឈាមមេនៃវិស័យសេដ្ឋកិច្ច របស់ប្រទេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយបែងចែកដោយសមធម៌នូវកំណើនសេដ្ឋកិច្ចទាំងនោះជូនដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

«ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ»។ បើតាមការបញ្ជាក់របស់ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ព្រមជាមួយនឹងការដឹងគុណចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ដោយបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងខាងលើនេះបានស្ថាបនាច្រាំងការពារការហូរច្រោះនៃទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទ ស្ពានបេតុងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រដែលក្នុងនោះ៖ ស្ពានចំនួន២កន្លែងគឺស្ពានពាមទេរ និងស្ពានព្រែកឆ្លូងមានប្រវែងទទឹងសរុប ១១,៣ម៉ែត្រ គន្លងផ្លូវសម្រាប់រថយន្តមាន២គន្លង ទទឹង ៣.៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន ២គន្លង ទទឹង ០.៦០ម៉ែត្រ ផ្លូវថ្មើរជើងមាន ២គន្លង ទទឹង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ០.៥៥ម៉ែត្រ។

ដោយឡែកស្ពានចំនួន ៥ទៀតគឺស្ពានបាបោងលេខ១ ស្ពានបាបោងលេខ២ ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឫស្ស និងស្ពានអន្លង់ឃ្លេ មានប្រវែងទទឹងសរុប ១០.៩ម៉ែត្រ គន្លងផ្លូវសម្រាប់រថយន្តមាន ២គន្លង ទទឹង ៣.៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន២គន្លង ទទឹង ១.៥០ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ០.៤៥ម៉ែត្រ។

គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះគឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៣៥លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd.៕

ដោយ៖ មឿន ឌីណា (Moeun Dyna)