Register Already an agent ? Login

នៅឆ្នាំ២០២១ ចំណូលដែលមកពីអាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុ សម្រេចបានជាង ៩៣លាន

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ កន្លងទៅចំណូលដែលមកពី អាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុ សម្រេចបានជាង ៩៣លាន មានកំណើន ១៧.៦៤ភាគរយ។ បើតាមរបាយការណ៍ សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនប្រមាណជិតលានតោន ធៀបនឹងឆ្នាំ២០២០ មានកំណើន ៥.៩៩ភាគរយ។

នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយទីភ្នាក់ងារ JICA ដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែក្នុងតំបន់ដ៏មានសក្ដានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។

កំពង់ផែនេះ ក៏បាននិងកំពុងរៀបចំសាងសង់ផែកុងតឺន័រថ្មីជាជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ ក្នុងរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ និងសិក្សាលទ្ធផលសាងសង់ផែកុងតឺន័រជំហានទី២ និងជំហានទី៣ បន្តបន្ទាប់ទៀតផងដែរ។​ នើតាមការបន្ថែមនៅក្នុងបាយការណ៍ដដែល។

សន្និបាតខាងលើ ក្រោមប្រធានបទ៖ «ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប» ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងថា កំពង់ផែក្រុងព្រះសីហនុជា កំពង់ផែទឹកជ្រៅរបស់កម្ពុជាដែលអភិវឌ្ឍន៍ទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗកាន់តែច្រើនចូលចត ដែលអាចឱ្យទំនិញកាន់តែច្រើនឆ្លងកាន់កម្ពុជា និងមិនបាច់ផ្ទេរនាវានៅកំពង់ផែប្រទេសផ្សេងៗបាន។ លោក បានបញ្ជាក់ថា «ក្នុងន័យនេះ កំពង់ផែធំៗដែលធ្លាប់ចូលចតប្រទេសជិតខាង ហើយផ្ទេរមក នាវាតូចៗ និងមិនចាំបាច់ធ្វើការផ្ទេរទៀតទេ នៅពេលដែលកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុសាងសង់ចំណតនាវារួចរាល់។

ទាក់ទៅនឹងការសាងសង់នេះដែរ លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងជាបន្ដបន្ទាប់។ លោក បានបន្តថា រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុងកៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។

រោងចក្រទី១ យើងសង់រួចហើយ ហើយឆ្នាំនេះសង្ឃឹមថា ទទួលបានមួយឈុតទៀត ដើម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវលេខ៥៧ លេខ៥៨ លេខ៦៨ ជាដើម។ បើតាមការថ្លែងបន្ថែមរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា «ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១ ឆាប់ៗ ដូច្នេះទីតាំងនេះគឺស័ក្តិសមបំផុត»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)