Register Already an agent ? Login

វឌ្ឍនភាព គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B សម្រេចបាន ៩៥%

កណ្ដាល៖ វឌ្ឍនភាព គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B គិតរហូតមកទល់ពេលនេះ ការងារសម្រេចបាន ៩៥%។ បើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ផ្លូវជាតិលេខ២១B មានប្រវែងសរុបប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ ៣% កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា គ្រឿងចក្រ Stabilizer នេះជាជំនួយពីប្រទេសជប៉ុន អាចជួយឱ្យកាសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៏ កាត់បន្ថយរយះពេលសាងសង់ និងប្រើប្រាស់បានយូរ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ គ្រឿងចក្រប្រភេទនេះ គឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបាន ចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ។

ទាក់ទងទៅនឹងគ្រឿងចក្រ Stabilizer បើតាមជំនួបកិច្ចពិភាក្សាការងារ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ដឹកនាំដោយលោក Takeshi Mamiya ប្រធានប្រតិបត្តិប្រចាំតំបន់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានផ្គត់ផ្គង់គ្រឿងចក្រ Stabilizer ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងបានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន ដែលបានជួយបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកម្ពុជាឱ្យចេះប្រើប្រាស់គ្រឿងចក្រប្រភេទនេះ។

ទាក់ទងនឹងបច្ចេកទេសកសាងផ្លូវថ្នល់ លោក រដ្ឋមន្ត្រី បានជម្រាបជូនអំពីការប្រើប្រាស់គ្រឿងចក្រ Stabilizer នៅផ្លូវលេខ២១B និងផ្លូវសំខាន់ៗផ្សេងទៀត ដើម្បីជួយឱ្យការសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៍ កាត់បន្ថយរយៈពេលសាងសង់ និងប្រើប្រាស់បានយូរអង្វែង ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដោយហតុថា៖ គ្រឿងចក្រប្រភេទនេះប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបាន ធ្វើឱ្យចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)