Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្នុងខេត្តកោះកុង

កោះកុង៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គ្រោងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូ បានថ្លែងឱ្យដឹងថា ផ្លូវនេះ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះរួមមាន៖ -ផ្លូវមាន ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ និងទទឹង១១ម៉ែត្រ។ -ផ្លូវមាន ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ និងទទឹងមានចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

លោក បានថ្លែងបន្តថា ផ្លូវនេះ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន ០៤កន្លែង មានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង ១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់ ១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។

ផ្លូវនេះ មានចំណុចប្រសព្វចំនួន ៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង ចំណាយរយៈពេលសាង សង់ចំនួន ៣២ខែ គ្រោងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤។ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ចំណាយថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ស៊ុន ចាន់ ថុល។

បើតាម លោក រដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស។

លោក បានថ្លែងបញ្ជាក់ថា «ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ»។

លោក បានថ្លែងបន្ថែមទៀតថា បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាពេលនេះ។ សម្តេចតេជោបានញ្ជាក់ថា «នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ»។

ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលផងដែរ។ បើតាមការបញ្ជាក់បន្តរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេ តភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រនាពេលខាងមុខ។ ហើយតាមរយៈការទទួលបានស្ពាននេះ នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញទៅកាន់តំបន់អរិយក្សត្រកាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបផងដែរនាពេលខាងមុខ។

សូមរម្លឹកថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន ២គន្លង ប្រវែងសរុប ១៥០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះ រាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយឥតសំណងសាងសង់ស្ពានចំនួន ៤កន្លែងផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)